អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត អំពាវនាវដល់មាតា បិតា អាណាព្យាបាលសិស្ស យកចិត្តទុកដាក់លើការបរិភោគចំណីអាហារប្រចាំថ្ងៃរបស់កូនដែលផ្តល់នូវសុខភាពល្អ

(កណ្ដាល)៖ លោកសាស្ដ្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងសំពៅពូន ខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រែកស្តី បានអំពាវនាវដល់មាតា បិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់ យកចិត្តទុកដាក់លើការបរិភោគចំណីអាហារប្រចាំថ្ងៃដែលផ្តល់នូវសុខភាពល្អ (តិចអំបិល តិចស្ករ តិចខ្លាញ់)។

លោកសាស្ដ្រាចារ្យក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់លើការសិក្សា ស្រាវជ្រាវ មានសីលធម៌ សុជីវធម៌ ឥរិយាបថថ្លៃថ្នូរ ជាពិសេសចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់រូបភាព។

ការអំពាវនាវយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ព្រែកស្តី នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក អេង សុវិចិត្រ អភិបាលនៃគណៈអភិបាលក្រុងសំពៅពូន លោក រ័ត្ន ជំនិត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសំពៅពូន និង លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រែកស្តី។

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី បានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានការចូលរួមពី​តំណាងប្រធានមន្ទីរការិយាល័យអប់រំក្រុងសំពៅពូន នាយក​ នាយករងសាលា មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សសរុប ៩១១នាក់។

ក្នុងពិធីនេះដែរលោកសាស្ត្រាចារ្យ ក៏បានឧបត្ថម្ភថវិកាមួយចំនួន​ដល់វិទ្យាល័យ ហ៊ុន សែន ព្រែកស្តី និងឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ ចំនួន ២៦នាក់ផងដែរ៕

ព័ត៌មានទាក់ទង