ក្រោយរត់ចេញពីប្រទេសមីយ៉ាន់ម៉ា Scammer ជាជនបរទេសមួយក្រុមបានបើកបណ្តាញឆបោកនៅក្នុងប្រទេសថៃ ប៉ុន្តែត្រូវប៉ូលិសបង្ក្រាបបាន។
តាមការផ្សាយរបស់ The Nation កាលពីថ្ងៃសៅរ៍ទី១ខែតុលាឆ្នាំ២០២៥ ប៉ូលិសថៃបានឆ្មក់ចូលវីឡាមួយក្នុងខេត្ត Samut Prakarn ដោយចាប់ខ្លួនជនបរទេសជា Scammer ចំនួន២៤នាក់ ភាគខាងច្រើនជាជនជាតិហ្វីលីពីន ដែលសំងំលាក់ខ្លួនបើកបណ្តាញឆបោក។
ស្នងការការិយាល័យស៊ើបអង្កេតកណ្តាលថៃ (CIB) លោក Natthasak Chaowanasai បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគេគឺជាសមាជិកនៃក្រុម Scammer អន្តរជាតិ ដែលរត់គេចពីយុទ្ធនាការបង្ក្រាបដ៏ខ្លាំងដៃនៅមីយ៉ាន់ម៉ា ចូលមកដីថៃ។
លោកបញ្ជាក់ថា ក្នុងចំណោមជនបរទេសទាំង២៤នាក់ មាន២១នាក់ជាជនជាតិហ្វីលីពីន, ម៉ាឡេស៊ីម្នាក់, ចិនម្នាក់និងសិង្ហបុរីម្នាក់។
នៅមីយ៉ាន់ម៉ា, កងទ័ពឆ្មាំការពារព្រំដែន (BGF) ជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា បានបង្កើនការទម្លាក់គ្រាប់បែករឹតខ្លាំង លើតំបន់សេដ្ឋកិច្ចពិសេស KK Park ជាប់ព្រំដែនថៃ ដែលគេ ស្គាល់ថា ជាជម្រករបស់ក្រុម Scammer។
BGF បានបង្កើនការទម្លាក់គ្រាប់បែកដល់ មួយថ្ងៃពីរដង កម្ទេចអគារក្នុងតំបន់នេះ ដែលមានទីតាំងស្ថិតនៅស្រុក Myawaddy រដ្ឋ Karen នៃប្រទេសមីយ៉ាន់ម៉ា ជាប់ឃុំ Mae Ku, ស្រុក Mae Sot, ខេត្ត Tak នៃប្រទេសថៃ។
ដោយសារតែការភ័យខ្លាចនិងរត់គេចពីសេចក្តីស្លាប់, ជនបរទេសរាប់ពាន់នាក់ បានភៀសខ្លួនចូលដីថៃ ក្នុងនោះ ជនជាតិឥណ្ឌាមានច្រើនជាងគេពោលគឺ ៤៩២នាក់ បន្ទាប់មកហ្វីលីពីន ២២០នាក់ ចិន២០១នាក់ និងជនជាតិផ្សេងៗរាប់រយនាក់ទៀត៕
កម្ពុជាថ្មី


