ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឬស្សីកែវបើកប្រតិបត្តិការណ៍ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពួកគេនាំគ្នាជិះកង់ដើរលួចនាឡិកាទឹកតាមផ្ទះប្រជាពលរដ្ឋ។ ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិស្ពាន់ខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានអោយដឹងថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១-ឈ្មោះ ផា ភាដែន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២-ឈ្មោះប៉ែន វ៉ាន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នគរបាលបានបន្តថា ជនរងគ្រោះឈ្មោះ រឿន ណារ៉េត អាយុ២៨ឆ្នាំ មុខរបរបើកបរស្នាក់នៅផ្ទះលេខ៣១០៥ ផ្លូវបេតុង ភូមិ ស្ពានខ្ពស់ សង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រោយបង្ក្រាបបានភ្លាមៗនោះនគរបាលបានរឹបអូសសម្ភារៈមួយចំនួនដូចជា ដង្កាប់ចំនួន០២ សោម៉ាទ្បេតចំនួន០២ កង់ចំនួន០១គ្រឿងម៉ាក់ X-TREME ពណ៌ក្រហម នាទ្បិកាទឹកចំនួន០៣។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីចប្បាប់ ៕


