ព្យុះ Kalmaegi វាយប្រហារភាគកណ្តាលប្រទេសហ្វីលីពីន ផ្តាច់ជីវិតមនុស្សម្នាក់ និងបង្ខំឱ្យរាប់ម៉ឺននាក់ជម្លៀសខ្លួនរកទីសុវត្ថិភាព
ម៉ានីល៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីលីពីន បានឱ្យដឹងថា មនុស្សយ៉ាងហោចម្នាក់បានស្លាប់ នៅពេលព្យុះឈ្មោះ Kalmaegi វាយប្រហារចំភាគកណ្តាលប្រទេស ដោយនាំមកជាមួយនូវភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំងក្លា ហើយបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ព្យុះ Kalmaegi បានធ្វើដំណើរមកដល់ហ្វីលីពីន នាថ្ងៃអង្គារនេះ ជាមួយកម្លាំងខ្យល់បក់ចន្លោះ១៥០-២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាត្រូវបានព្យាករថា នឹងបន្តធ្វើដំណើរកាត់តំបន់ទីប្រជុំកោះ Visayas បន្ទាប់មកចេញផុតទៅសមុទ្រចិនខាងត្បូងនៅថ្ងៃពុធ។ ប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួននៅទូទាំងតំបន់ Visayas ក្នុងនោះរួមមានទាំងនៅភាគខាងត្បូងកោះ Luzon និងភាគខាងជើងកោះ Mindanao ខណៈមនុស្សម្នាក់បានបាត់បង់ជីវិត។
គួរបញ្ជាក់ថា ការមកដល់នៃព្យុះ Kalmaegi គឺស្របពេលហ្វីលីពីន ដែលជាប្រទេសរងគ្រោះដោយសារព្យុះត្រូពិក និងទីហ្វុង ជាមធ្យមចំនួន២០ ក្នុងមួយឆ្នាំៗ ទើបតែជួបប្រទះគ្រោះធម្មជាតិជាបន្តបន្ទាប់ អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ដែលរួមមានទាំងគ្រោះរញ្ជួយដី និងព្យុះបោកបក់។ បន្ទាប់ពីហ្វីលីពីន ព្យុះ Kalmaegi ត្រូវបានព្យាករថា នឹងធ្វើដំណើរទៅដល់វៀតណាមថែមទៀត ក្នុងសប្តាហ៍នេះ។


