ម្ចាស់តូបនៅឆ្នេរកែប ដែលជួលតូប១តម្លៃ៥០ដុល្លារ សន្យាបញ្ឈប់សកម្មភាពធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍

កែបៈ ស្រ្តីជាអាជីវករនៅឆ្នេរកែប ដែលជួលតូប១តម្លៃ៥០ដុល្លារដល់ភ្ញៀវទេសចរណ៍នោះ ត្រូវបានអាជ្ញាធរហៅសួរនាំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ក្នុងខេត្តកែបបន្តទៀត។

ចំណាត់ការនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយនាពេលថ្មីៗនេះនៅតាមបណ្តាញសង្គមពីការមិនពេញចិត្ត និងរិះគន់របស់ភ្ញៀវទេសចរណ៍ ដែលបានទៅលេងកម្សាន្តនៅក្រុងកែប ហើយបានថតវីដេអូរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។ ភ្ញៀវទេសចរណ៍បានលើកឡើងថា «ខេត្តកែបចំណតសាធារណៈមុខតូបមិនឲ្យចតទេ លុះត្រាតែជួលតូបទើបអនុញ្ញាតឲ្យចត។ តូបមួយ តំលៃ៥០ដុល្លារ។ អ្នកចង់មកលេងកែប មិនបាច់មកទេ កោរមិនដាក់ទឹកទេ»។

រដ្ឋបាលក្រុងកែបកាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកាបានបំភ្លឺថា អាជ្ញាធរក្រុង ក្រោមកិច្ចសហការជាមួយនឹងមន្ទីរទេសចរណ៍ខេត្តកែប កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានហៅលោកស្រី ឆោម គឹមធើយ ដែលមានមុខរបរជាអាជីវករលក់ដូរនៅឆ្នេរកែប ដើមម្បីធ្វើការសាកសួរ។

លោកស្រីបានបញ្ជាក់ប្រាប់អាជ្ញាធរដូច្នេះថា៖«គាត់បាននិយាយប្រាប់ភ្ញៀវឲ្យទៅចតនៅចំណតផ្សេង។ ចំពោះតម្លៃតូបជួលមួយ ៥០ដុល្លារ។ គាត់ក៏បាន ទទួលស្គាល់ថាបានជម្រាបដល់ភ្ញៀវក្នុងតម្លៃនេះពិតប្រាកដមែន ក្នុងតម្លៃចចារ ប៉ុន្តែបើគាត់ទិញម្ហូបចាប់ពី៤មុខឡើងទៅ គឺមិនគិតថ្លៃតូបឡើយ»។

រដ្ឋបាលក្រុងបានលើកឡើងថា ចំពោះករណីនេះលោកស្រី ឆោម គឹមធើយបានឯកភាពតាមការណែនាំរបស់អាជ្ញាធរក្រុង និងមន្ទីរ ទេសចរណ៍ខេត្តកែប ដោយយល់ព្រមធ្វើកិច្ចសន្យា«បញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍»។

លោកស្រីបានសន្យាមិនឆ្លៀតឱកាសដំឡើងថ្លៃឡើយ ពិសេសថ្ងៃបុណ្យជាតិ និងអន្តរជាតិផ្សេងៗ, រក្សាចំណតរថយន្តជាចំណតសាធារណៈ និងមានបញ្ជីរាយមុខម្ហូប វិក្កយបត្រ ឈ្មោះទីតាំង, លេខទូរសព្ទទំទាក់ទំនងឲ្យបានត្រឹមត្រូវ និងចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន ឲ្យបានស្អាតជាប្រចាំ។ល។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាខេត្តកែបចំនួន ១៥៥ ៤៥៨ នាក់ ដែលកើនឡើង ៥៦,៥៨% បើប្រៀបធៀបនឹងឆ្នាំ២០២៤។

លោកបានលើកឡើងងថា បើទោះបីជាការខិតខំប្រឹងប្រែងរៀបចំរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឲ្យល្អឥតខ្ចោះយ៉ាងណាក៏ដោយ ក៏នៅតែមានចន្លោះប្រហោង និងភាពខ្វះខាតខ្លះៗ ដូចជារយៈពេលកន្លងមកនេះមានការិះគន់ផ្សេងៗ និងបាតុភាពមួយចំនួនតូចពាក់ព័ន្ធទៅនឹងតម្លៃសេវាកម្មទេសចរណ៍នៅខេត្តកែប ។

រដ្ឋបាលខេត្តបានទទួលយកនូវរាល់មតិរិះគន់ក្នុងន័យស្ថាបនារបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ និងដោះស្រាយនូវរាល់ចំណុចខ្វះខាតមួយចំនួនតូច ដែលជាបញ្ហាកង្វល់របស់ប្រជាពលរដ្ឋ។ វាក៏ជាចំណុចដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជាប្រចាំឲ្យកាន់តែល្អប្រសើរសំដៅ ដើម្បីធ្វើយ៉ាងណាឲ្យខេត្តកែបកាន់តែមានភាពទាក់ទាញ និងខិតខំបង្កើនការអភិវឌ្ឍបន្ថែមនូវតំបន់សក្ដានុពលទេសចរណ៍នានា សម្រាប់ទទួលស្វាគមន៍ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងអស់ជាបន្តបន្ទាប់ទៀត ។

លោកសឹង បុត្តរៈ អភិបាលរងក្រុងកែបបានឱ្យដឹងថា មិនទាន់មានការកំណត់តម្លៃជាផ្លូវការណាមួយសម្រាប់ការជួលតូបនៅតាមតំបន់ឆ្នេរនោះទេ។ រដ្ឋបាលក្រុង បាននិងកំពុងតែធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកុំឱ្យមានបញ្ហាបែបនេះកើតឡើងបន្តទៀតនាពេលអនាគត។

ទោះយ៉ាងណា លោកបានសង្កេតឃើញថា នៅថ្ងៃធម្មតា ម្ចាស់តូបខ្លះបានជួលតូបតម្លៃចាប់ពី៥ ទៅ១៥ដុល្លារក្នុង១តូប ទៅតាមទីតាំង និងទំហំ។

លោកបញ្ជាក់ថា៖«ភាគច្រើនម្ចាស់តូបសហការជាមួយអាជ្ញាធរយើង គឺមានតែមួយចំនួនតូចប៉ុណ្ណោះដែលមិនស្តាប់តាមការណែនាំ…ពីមុន ជាទីផ្សារសេរី អ៊ីចឹង ការលក់តាមតែគាត់ តែបើឡើងថ្លៃ ដូចទាត់ឆ្នាំងបាយគាត់អ៊ីចឹងដែរ»។

អាជ្ញាធរខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវភាពមិនប្រក្រតី ណាមួយលើការផ្តល់សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍ សូមទំនាក់ទំនងទៅកាន់លេខ ទូរសព្ទ 015 250 768, 011 413​ 737, 097 964 68 98 និងលេខ 096 6666 727៕

ព័ត៌មានទាក់ទង