(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០២៥នេះ ការនាំចូលទំនិញពីថៃមកកាន់កម្ពុជា មានតម្លៃជាង ២៣៩លានដុល្លារ ថយចុះ១៩.៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ២៩៨លានដុល្លារ។
តែយ៉ាងណាមិញ បើធៀបការនាំចូលទំនិញពីថៃមកកម្ពុជា រវាងខែកញ្ញា និងខែតុលា ឆ្នាំ២០២៥នេះ មានការកើនឡើងបន្តិច ក្នុងរង្វង់ជាង ៣០លានដុល្លារ ពោលគឺក្នុងកញ្ញា ឆ្នាំ២០២៥ ការនាំចូលមានតម្លៃជាង២០៧ លានដុល្លារ ខណៈក្នុងខែតុលា មានតម្លៃជាង២៣៩លានដុល្លារ។ នេះបើយើងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល។
ទិន្នន័យបានឱ្យដឹងដែរថា ចំណែកនាំចេញពីកម្ពុជាទៅកាន់ថៃ មានតម្លៃ ៥៩លានដុល្លារ ថយចុះ៧.៥% បើធៀបនឹងកាលពីខែតុលា ឆ្នាំ២០២៤ ដែលមានតម្លៃជាង ៦២លានដុល្លារ។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល១០ខែឆ្នាំ២០២៥នេះ កម្ពុជា-ថៃ សម្រេចបានទំហំពាណិជ្ជកម្មជាង ៣.២ពាន់លានដុល្លារ ថយចុះ៩.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃជាង៣.៥ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅថៃក្នុងតម្លៃ ៦៣៥លានដុល្លារ ថយចុះ១១.៥% ស្របពេលថៃនាំចូលកម្ពុជាវិញមាន ២.៥ពាន់លានដុល្លារ ថយចុះ៨.៨%៕


