ចិន៣នាក់និងខ្មែរ២នាក់ដែលបន្លំធ្វើជានគរបាលជប៉ុនដើម្បីឆបោកតាមអនឡាញ ត្រូវបានចោទប្រកាន់
សង្ស័យចំនួន ៥ នាក់ដែលក្លែងបន្លំធ្វើជានគរបាលជប៉ុនដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ត្រូវបានចោទប្រកាន់ ក្នុងនោះមានខ្មែរពីរនាក់ ដែលត្រូវបានបង្ក្រាបនៅខេត្តស្វាយរឿងកាលពីសប្ដាហ៍មុន។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី១២ វិច្ឆិកានេះថា ក្រុមជនសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៥នាក់ ក្នុងនោះមានចិន៣នាក់ (គេចខ្លួនម្នាក់) និងខ្មែរ ២នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីថ្ងៃទី៤ វិច្ឆិកា នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមអយ្យការ ជនសង្ស័យបានបន្លំធ្វើជានគរបាលទីក្រុងតូក្យូ ដោយសមត្ថកិច្ចបានរកឃើញអាវនគរបាលតូក្យូចំនួន ២ឈុត និងកាតនគរបាលជប៉ុនចំនួន ២, សម្លៀកបំពាក់មួយថង់, ត្រាមានអក្សរចិនចំនួន ៨។
ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យទៅលើភស្តុតាង និងរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យជា ជនជាតិចិន ៣ នាក់, ជនជាតិខ្មែរចំនួន ២ នាក់ និងបក្ខពួកពីបទ ឆបោកតាមប្រព័ន្ធបច្ចេក និងសមគំនិត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
បើតាមអ្នកនាំពាក្យដដែល ក្រៅពីការចោទប្រកាន់នេះ តំណាងអយ្យការក៏បានបង្គាប់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកតម្រុយពាក់ព័ន្ធនឹងបទល្មើស សម្អាតប្រាក់ផងដែរ។
ជនត្រូវចោទទាំង៤នាក់ដែលមានខ្លួន ស្ថិតក្នុងចំណោមមនុស្ស ៥៧នាក់ដែលសមត្ថកិច្ចបង្ក្រាប នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ដែលស្ថិតក្នុងសញ្ជាតិចំនួន ៦។ សមត្ថកិច្ចរកឃើញថា ពួកគេបានក្លែងបន្លំខ្លួនធ្វើជាមន្ត្រីអាជ្ញាធរនៃប្រទេសផ្សេងដើម្បីគំរាមទៅលើជនរងគ្រោះ នៅក្នុងប្រតិបត្តិការឆបោកតាមអនឡាញរបស់ពួកគេ៕

