ក្រោយពីថៃប្រកាសថា «សន្តិភាពបានបញ្ចប់» អាមេរិកអំពាវនាវឲ្យរក្សាស្ថិរភាពនិងគោរពកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ៖ តើការទូតរបស់សហរដ្ឋអាមេរិក អាចរារាំងប្រទេសថៃ បានដែរឬទេ?

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ និងក្រសួងការបរទេសអាមេរិក បានធ្វើប្រតិកម្មភ្លាមៗ ក្រោយព្រឹត្តិការណ៍ផ្ទុះ គ្រាប់មីនបង្កការរងរបួសដល់ទាហានថៃ បានជម្រុញឱ្យនាយករដ្ឋមន្ត្រីថៃ ប្រកាសបញ្ចប់ ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកួឡាំឡាំពួរ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

ខណៈក្តីបារម្ភអំពីភាពតានតឹងអាចនឹងផ្ទុះឡើងម្តងទៀតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោមព្រឹត្តិការណ៍ផ្ទុះមីន ដែលបណ្តាលឱ្យទាហានថៃ៣នាក់បានរងរបួស, មន្ត្រីសហរដ្ឋអាមេរិក បានប្រញាប់លោតចូលធ្វើអន្តរាគមន៍ភ្លាមជាមួយនឹងការអំពាវនាវឱ្យភាគីកម្ពុជា-ថៃ ប្រកាន់ខ្ជាប់ការរក្សាសន្តិភាព។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងាររ៉យទ័រ កាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងប្រមូលព័ត៌មានបន្ថែមអំពីការផ្ទុះមីនថ្មីៗនេះ និងបានជំរុញឱ្យប្រទេសទាំងពីរ រក្សាស្ថិរភាព និងគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី ក្រោមការចូលរួមធ្វើជាសាក្សីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

នៅជាមួយគ្នាផងដែរ កាសែត Washington Post បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ទៀត ដែលបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ «ប្តេជ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្តបន្ទាប់» ហើយរំពឹងថារដ្ឋាភិបាលកម្ពុជានិងថៃ «នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ»

ប្រតិកម្មដ៏លឿនពីមន្ត្រីជាន់ខ្ពស់ និងពីក្រសួងការបរទេសអាមេរិកភ្លាមៗនេះ កើតឡើងភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល បានបញ្ជាឱ្យក្រសួងការពារជាតិថៃ ផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទាំងអស់ ជាមួយប្រទេសកម្ពុជាដោយគ្មានកំណត់ និងថែមទាំងប្រកាសទៀតថា «សន្តិភាពបានបញ្ចប់ហើយ»

* ការទូតបីស្រទាប់របស់សហរដ្ឋអាមេរិក៖ សម្តីបង្កប់ដែលមានអំណាចធ្ងន់

សារដ៏លឿនពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងពីក្រសួងការបរទេសអាមេរិក បន្ទាប់ពីបានឃើញសម្តីធ្ងន់ៗរបស់មេដឹកនាំថៃ ត្រូវបានគេចាត់ទុកថា ជាសារដែលមានអត្ថន័យការទូតធំបីស្រទាប់គួរឱ្យកត់សម្គាល់។

ស្រទាប់ទី១៖ សាររបស់អ្នកនាំពាក្យក្រសួងការបរទេស គឺជាសារផ្លូវការដែលមានគោលបំណង ថែរក្សាស្ថិរភាព និងអំពាវនាវឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាព។ វាជាសារមានលក្ខណៈអព្យាក្រឹត ដើម្បីបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែជាអ្នកសម្របសម្រួលដែលអាចទុកចិត្តបាន ហើយជាវិធីសាស្ត្រមិនឲ្យប្រទេសណាមួយ ទោះបីជាថៃ ឬ កម្ពុជាក៏ដោយនឹងមានអារម្មណ៍ថាត្រូវបានគេចោទប្រកាន់ដោយផ្ទាល់ឡើយ។

ស្រទាប់ទី២៖ ការដកស្រង់សម្តីពី មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ តាមកាសែត Washington Post ដែលនិយាយថា ប្រធានាធិបតី ដូណាល់ ត្រាំ «ប្តេជ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សា» គឺជាសារដែលមានអារម្មណ៍នយោបាយខ្លាំងជាងសារផ្លូវការរបស់ក្រសួងការបរទេសទៅទៀត។ វាបង្ហាញថា លោក ដូណាល់ ត្រាំ កំពុងប្រើអំណាចផ្ទាល់ខ្លួន និងឈ្មោះរបស់លោក ដើម្បីបញ្ជាក់ថាសន្តិភាពនេះ គឺជាស្នាដៃនយោបាយរបស់លោក ដែលមិនអាចឲ្យប្រទេសណាមួយបំបាក់បានឡើយ។ នេះជាវិធីបញ្ជូនសារប្រយោលទៅប្រទេសថៃថា ការបោះបង់កិច្ចព្រមព្រៀង នឹងជះឥទ្ធិពលផ្លូវការនៅលើទំនាក់ទំនងជាមួយអាមេរិក។

ស្រទាប់ទី៣៖ ការរួមបញ្ចូលគ្នានៃសារទាំងផ្លូវការ និងសារប្រយោលបែបនេះ មានគោលបំណងបង្កើតសម្ពាធតាមផ្លូវនយោបាយ ដោយនៅតែរក្សាមុខប្រទេសជាភាគីទីបី។ វាជាវិធីសាស្ត្រដែលសហរដ្ឋអាមេរិកប្រើដើម្បីផ្ញើសារដល់ប្រទេសថៃថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងសង្កេតយ៉ាងយកចិត្តទុកដាក់ក្នុងស្ថានការណ៍វិវដ្តចុងក្រោយនេះ ប៉ុន្តែជៀសវាងការបញ្ចេញឈ្មោះប្រទេសជាផ្លូវការ ដើម្បីរក្សាភាពអត់ធ្មត់ និងរក្សាបរិកាសនយោបាយសមស្របសម្រាប់ការជជែកទៅមុខជាបន្ត។

ប្រតិកម្មទាំងនេះបង្ហាញថា សហរដ្ឋអាមេរិក កំពុងប្រើយុទ្ធសាស្ត្រទូតបីស្រទាប់ ដើម្បីទប់ស្កាត់ថៃ មិនឲ្យបំបាក់សន្តិភាព។ វាជាការទូតដែលមានទំងន់មានភាពស្ងាត់ ប៉ុន្តែខ្លឹមសារទាំងអស់គឺ ការត្រូវបន្តថែរក្សាស្ថិរភាព, រក្សាប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាព ដែលមិនអាចក្បត់សម្តីសន្យារបស់ខ្លួនក្នុងការប្តេជ្ញាចិត្តជាមួយនឹងការចុះហត្ថលេខារួចមកហើយនៅចំពោះមុខសាក្សីជាអន្តរជាតិនោះទេ។

* ការផ្ទុះមីននៅវាលឥន្ទ្រីយ៍៖ ព្រឹត្តិការណ៍តូច ដែលរំលឹករឿងចាស់នៃស្នាមសង្គ្រាមជិត៣ទសវត្សរ៍

ព្រឹត្តិការណ៍ដែលបានបង្កឲ្យភាពតានតឹងត្រឡប់មកវិញនេះ កើតឡើងនៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ដើមសប្ដាហ៍នេះ នៅពេលដែលយោធាថៃចំនួន៣នាក់ បានរងរបួសបន្ទាប់ពីជាន់លើគ្រាប់មីនចាស់មួយគ្រាប់ នៅតំបន់វាលឥន្ទ្រីយ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ តំបន់នោះត្រូវបានគេស្គាល់ថា ជាតំបន់អតីតសមរភូមិចាស់ ដែលបន្សល់ទុកពីស្រមោលសង្រ្គាមស៊ីវិលកម្ពុជារយៈពេលជិត៣០ឆ្នាំ។

តំបន់នេះ ក៏ជាតំបន់ជម្លោះមិនទាន់ដាច់ស្រេច ដែលក្រុមការងារគណៈកម្មាធិការវាស់វែងព្រំដែនរួម (JBC) កម្ពុជា-ថៃ ត្រូវធ្វើកិច្ចការវាស់វែង និងកំណត់ខណ្ឌសីមា ផ្អែកតាមផែនទីអាណានិគម ឆ្នាំ១៩០៤ និង១៩០៧។ ក្នុងអំឡុងសង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍នោះ ប្រទេសកម្ពុជា បានទុកសំណល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះរាប់លានគ្រាប់ ជាពិសេសនៅតាមតំបន់ជាយព្រំដែនកម្ពុជា-ថៃ។ តំបន់ទាំងនេះ ត្រូវបានដឹងឮសុះសាយក្នុងពិភពលោក និងត្រូវបានចាត់ទុកថា ជា «ចម្ការមីនគ្រោះថ្នាក់បំផុត» មួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

អង្គភាពដោះមីន (CMAC) រួមទាំងអង្គការ HALO Trust និងអង្គការ MAG បានចុះកំណត់ត្រាយ៉ាងច្បាស់ថា តំបន់វាលឥន្ទ្រីយ៍ និងតំបន់ជាប់ព្រំដែនទាំងឡាយ គឺជាតំបន់សំបូរមីនសល់ពីសង្គ្រាមស៊ីវិលរបស់កម្ពុជាដោយពិតប្រាកដ។ ការផ្ទុះមីនបែបនេះ កើតឡើងជារឿងមិនចម្លែកឡើយចំពោះកម្ពុជា សម្រាប់តំបន់ដែលមិនទាន់បានបោសសម្អាតអស់ទាំងស្រុង។

ប៉ុន្តែភាគីថៃវិញ បានប្រកាសចោទប្រកាន់ថា ទាហានកម្ពុជា បានជីកបង្កប់មីនថ្មីដែលជាការចោទប្រកាន់គ្មានភស្តុតាងអាចបញ្ជាក់បានត្រឹមត្រូវឡើយ។ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់ខាតនិងបញ្ជាក់ថា តំបន់ដែលមានការផ្ទុះមីននោះត្រូវបាន «ដឹងឮ យ៉ាងសុះសាយនូវការពិតថា ចម្ការមីនភាគច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជារយៈជិត៣០ឆ្នាំ ក្នុងទសវត្សរ៍១៩៧០និង១៩៨០ មិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេ ដោយសារតែភូមិសាស្ត្រលំបាក និងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែន»

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា «នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ» ហើយក្នុងនាមជាប្រទេស នៃរដ្ឋភាគីអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីឡើយ។

* ការប្រកាស «ផ្អាកសន្តិភាព» របស់អនុទិន គឺជាការលេងល្បែងជាតិនិយមដើម្បីរកការកេងចំណេញនយោបាយ

ការឆ្លើយតបដ៏ក្តៅគគុករបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទិន ចាន់វីរៈគុល បន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះមីននៅតំបន់ព្រំដែន កំពុងបង្ហាញថា វាមិនមែនជាប្រតិកម្មដោយអារម្មណ៍ ឬ ការគិតដល់សន្តិភាពឡើយ។ វាជានយោបាយដែលបានគណនាទុក ក្នុងគោលបំណងបំពេញចិត្តឱ្យរលកនៃអារម្មណ៍ជាតិនិយម ដែលកំពុងកើនឡើងនៅក្នុងប្រទេសថៃ។

អ្នកវិភាគនយោបាយថៃជាច្រើន បានបញ្ជាក់ថា ការប្រកាសនេះជាល្បិចកលនយោបាយមួយ ដែលមានគោលបំណងពង្រឹងអំណាច និងចង់បង្ហាញរូបភាពជាតិនិយមរបស់អនុទិនផ្ទាល់ខ្លួន នៅពេលដែលរដ្ឋាភិបាលរបស់គាត់ កំពុងប្រឈមមុខនឹងសម្ពាធធ្ងន់ធ្ងរពីកងយោធាដែលមានទំនោររឹងរូស និងក្រុមជាតិនិយមជ្រុល ដែលទាមទារការឆ្លើយតបប្រឆាំងចំពោះកម្ពុជា។ អ្នកសង្កេតការណ៍បានព្រមានថា ការផ្អាកកិច្ចព្រមព្រៀងសន្តិភាពដែលសហរដ្ឋអាមេរិកបានធ្វើជាសាក្សី និងទទួលស្គាល់ថាជាកិច្ចព្រមព្រៀងអន្តរជាតិ អាចមានផលវិបាកផ្នែកការទូតនិងសេដ្ឋកិច្ចធ្ងន់ធ្ងរសម្រាប់ប្រទេសថៃ។

ដូច្នេះការប្រកាស «ផ្អាកសន្តិភាព» របស់អនុទិន មិនមែនជាចលនាដែលជួយបង្កើនសន្តិភាពទេ ប៉ុន្តែជាល្បែងនយោបាយ ដើម្បីបង្កើនអំណាចផ្ទាល់ខ្លួន ដែលអាចបំផ្លាញសេចក្ដីជឿទុកចិត្តរបស់ថៃលើឆាកអន្តរជាតិ។

* ល្បែងសម្របសម្រួលជាតិនិយមរបស់អនុទិន នឹងអាចប្រែក្លាយជាអាវុធបំផ្លាញខ្លួនឯង

សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីថៃ អនុឌិន ចាន់វីរៈគុល ដែលនិយាយថា «សន្តិភាពបានចប់ហើយ» វាមិនមែនជាការដកខ្លួនចេញពីដំណើរការសន្តិភាពពិតប្រាកដទេ ប៉ុន្តែជាការសម្តែងល្បែងនយោបាយ ដែលមានគោលបំណងបង្ហាញភាពរឹងមាំ និងស្នេហាជាតិរបស់លោក ដើម្បីទទួលការគាំទ្រពីមហាជនក្នុងស្រុក។ វាក៏ជាចលនានយោបាយ ដែលបានគ្រោងទុកយ៉ាងច្បាស់ ដើម្បីបង្កើនកម្លាំងសម្របសម្រួលនិងភាពជាតិនិយម ក្នុងពេលដែលរដ្ឋាភិបាលរបស់លោក កំពុងប្រឈមនឹងសម្ពាធខ្លាំងពីកងយោធានិងក្រុមជ្រុលនិយម ដែលទាមទាររកការឆ្លើយតបគាំទ្រដាច់ខាត។

ទោះយ៉ាងណា «ល្ខោននយោបាយ» បែបនេះ អាចនឹងបង្កផលវិបាកយ៉ាងធ្ងន់ ប្រសិនបើវានាំឲ្យថៃបាត់បង់ទំនុកចិត្តពីសហគមន៍អន្តរជាតិ និងធ្វើឲ្យខូចចិត្តចំពោះប្រទេសជិតខាងដែលបានចូលរួមជាភាគីសន្យាសន្តិភាព។ អ្នកវិភាគបានព្រមានថា ការផ្អាកកិច្ចព្រមព្រៀងសន្តិភាព ដែលមានសហរដ្ឋអាមេរិកជាសាក្សី និងមានស្ថានភាពជាឯកសារអន្តរជាតិ អាចនាំឲ្យថៃរងផលប៉ះពាល់យ៉ាងធ្ងន់ក្នុងផ្នែកការទូត។ វាអាចប៉ះពាល់ដល់ភាពជឿទុកចិត្តពីសហគមន៍អន្តរជាតិ បណ្តាលឲ្យរូបភាពប្រទេសថៃ រងការខូចខាត និងធ្វើឲ្យវិនិយោគិនអន្តរជាតិមានការរំជើបរំជួល នៅពេលដែលរដ្ឋាភិបាលថ្មីកំពុងតស៊ូស្ដារស្ថិរភាពសេដ្ឋកិច្ច និងសាធារណៈជឿជាក់ក្នុងទីផ្សារ។

ដូច្នេះ សេចក្តីប្រកាសនិយាយថា «សន្តិភាពបានបញ្ចប់» របស់អនុទិន វាគ្រាន់តែជាចលនានយោបាយក្នុងស្រុក ដើម្បីបង្កើនស្មារតីជាតិនិយម ប៉ុន្តែមិនអាចបំបាក់សន្តិភាពបានឡើយ។ ទន្ទឹមនឹងនេះ វាក៏អាចក្លាយជាអាវុធត្រឡប់មកវាយខ្លួនឯង ប្រសិនបើល្បែងនយោបាយបែបនេះ នឹងបណ្ដាលឲ្យថៃបាត់បង់សេចក្ដីជឿទុកចិត្តពីអន្តរជាតិ ក្នុងដំណើររកសន្តិភាពដែលកសាងឡើងក្រោម កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ត្រូវបាននយោបាយនោះរំខាន។

សេចក្តីសន្និដ្ឋាន៖ ការទូតស្ងាត់ៗ ទល់នឹងនយោបាយ ដែលមានសំឡេងរំខាន

ស្ថានការណ៍បច្ចុប្បន្នរវាងថៃនិងកម្ពុជា កំពុងបង្ហាញថា សន្តិភាពកូឡាឡាំពួរ មិនមែនជាឯកសារបណ្តោះអាសន្នទេ ប៉ុន្តែជាកិច្ចព្រមព្រៀងដែលពាក់ព័ន្ធជាមួយសមត្ថភាពនយោបាយ និងភាពទំនួលខុសត្រូវអន្តរជាតិ។ ការប្រតិកម្មរបស់សហរដ្ឋអាមេរិក បើទោះបីស្ងាត់ តែមានអំណាចនយោបាយធ្ងន់ ដោយបញ្ជាក់ថា រដ្ឋាភិបាលវ៉ាស៊ីនតោន មិនអនុញ្ញាតឱ្យសន្តិភាពដែលខ្លួនបានជួយសម្របសម្រួល ត្រូវបំបាក់ដោយសារបំណងនយោបាយក្នុងស្រុករបស់ប្រទេសណាមួយឡើយ។

សម្រាប់ថៃ ការប្រើសេចក្តីថ្លែងការណ៍ «សន្តិភាពត្រូវបានបញ្ចប់» ដើម្បីបំពេញចិត្តជាតិនិយមក្នុងស្រុក អាចជារឿងដែលទទួលបានការសរសើរពេលខ្លី ប៉ុន្តែជាបញ្ហាធ្ងន់នៅលើឆាកអន្តរជាតិ។ ប្រទេសណាដែលចូលចិត្តលេងល្បែងនយោបាយជាតិនិយមលើសន្តិភាព ប្រទេសនោះនឹងស្ថិតក្នុងហានិភ័យនៃការបាត់បង់សេចក្ដីជឿទុកចិត្តពីសហគមន៍អន្តរជាតិ និងភាពជឿជាក់ស្មោះរបស់ដៃគូសហប្រតិបត្តិការរបស់ខ្លួន។

សម្រាប់កម្ពុជា ការរក្សាភាពស្ងៀម សុភាពរាបសារ និងបន្តប្តេជ្ញាចិត្តគោរពកិច្ចព្រមព្រៀង គឺជាវិធីសាស្ត្រដ៏មានប្រាជ្ញា ក្នុងការរក្សាភាពត្រឹមត្រូវនយោបាយ និងកិត្តិយស ជាប្រទេសដែលស្រឡាញ់សន្តិភាព។ ដូច្នេះនៅពេលដែលថៃប្រើសម្តីក្តៅ សហរដ្ឋអាមេរិក បានប្រើការទូតស្ងាត់ ហើយកម្ពុជាក៏ប្រើភាពអត់ធ្មត់ជាអាវុធសន្តិភាព។

សរុបមកវិញ សន្តិភាព នៅមិនទាន់របួតចេញនៅឡើយទេ ប៉ុន្តែវាកំពុងត្រូវសាកល្បងដោយការល្បែងនយោបាយស្វែងរកប្រជាប្រីយ៍ភាពរបស់បណ្តាមេដឹកនាំថៃ។ អ្វីដែលសហរដ្ឋអាមេរិកបានផ្ញើសារចុងក្រោយនេះ គឺច្បាស់ណាស់ថា កិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ គឺជាកិច្ចព្រមព្រៀងដែលមានសក្ដានុពលអន្តរជាតិ ដែលមិនអាចឱ្យភាគីណាក្បត់បានឡើយ៕

ព័ត៌មានទាក់ទង