ប្រជាពលរដ្ឋភូមិជោគជ័យជាច្រើននាក់ មិនបានភៀសខ្លួន ដោយបន្តនៅស្តាប់សភាពការណ៍ និងរស់នៅក្នុងផ្ទះសម្បែង ប្រកបរបរលក់ដូរជាធម្មតា

(បន្ទាយមានជ័យ) ប្រជាពលរដ្ឋនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បន្តសកម្មភាពរស់នៅជាធម្មតា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ខណៈស្ថានការណ៍ទូទៅមានសភាពស្ងប់ស្ងាត់។

ក្រោយថ្ងៃមានហេតុការណ៍ទាហានថៃ បាញ់ប្រហារលើប្រជាពលរដ្ឋខ្មែរនៅភូមិ​ព្រៃ​ចាន់កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋមួយចំនួនបានជម្លៀស​ចេញ​ពីភូមិឋាន ក្នុងនោះក៏មានប្រជាពលរដ្ឋនៅភូមិជោគជ័យផងដែរ ប៉ុន្តែមានប្រជាពលរដ្ឋជាច្រើនទៀត នៅបន្តស្តាប់សភាពការណ៍ និងរស់នៅក្នុងផ្ទះសម្បែង ប្រកបរបរលក់ដូរជាធម្មតា មិនទាន់ភៀសខ្លួននោះទេ។

បើទោះបីមានហេតុការណ៍កើនឡើងកម្តៅយ៉ាងណាក្តី តែប្រជាពលរដ្ឋក្នុងភូមិជោគជ័យ នៅតែបន្តចង់ឃើញរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធប្រើភាពអត់ធ្មត់ ហើយចរចាជាមួយភាគីថៃឱ្យអស់លទ្ធភាព ដើម្បីបញ្ចៀសកុំឱ្យផ្ទុះអាវុធ។

ពួកគាត់បានយល់ឃើញថា បើសិនមានការផ្ទុះអាវុធទ្រង់ទ្រាយធំ នោះនឹងបង្កការខូចខាត និងការរងគ្រោះកាន់តែធ្ងន់ធ្ងរ៕

ព័ត៌មានទាក់ទង