សមាជិកសភាថៃឲ្យលោក អានុទីន ទទួលខុសត្រូវចំពោះរឿងអាមេរិកផ្អាកចរចាពាណិជ្ជកម្ម

បាងកក ៖ សមាជិកសភាថៃបានជំរុញឲ្យលោក អានុទីន ទទួលខុសត្រូវ បន្ទាប់ពីលោកប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលនាំឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការចរចាពាណិជ្ជកម្ម ជាមួយថៃ។

យោងតាមសារព័ត៌មាន Khaosod នាព្រឹកថ្ងៃអាទិត្យនេះ, លោក Anusorn Iamsa-ard សមាជិកសភាគណបក្សភឿថៃ បានបញ្ជាក់ថា នាយករដ្ឋមន្ត្រី អានុទីន ត្រូវពិនិត្យមើលការអនុវត្តរបស់លោកឲ្យបានហ្មត់ចត់ ដើម្បីវាយតម្លៃថា តើទង្វើរបស់លោក មានការខុសឆ្គង និងប៉ះពាល់ដល់ជាតិ និងប្រជាជនយ៉ាងណា។

លោកបន្តថា «ការប្រកាសដែលថា លោក អានុទីន មិនខ្វល់ពីការចរចារពន្ធ របស់លោក Trump ហើយ ប្រសិនបើថៃ មិនអាចលក់ទំនិញឱ្យអាមេរិកទេ លោកនឹងលក់ទំនិញទៅឱ្យប្រទេសផ្សេង» មិនត្រឹមតែជាសេចក្តីថ្លែងការណ៍ ដែលខ្វះភាពចាស់ទុំ ទាក់ទងនឹងនយោបាយអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្រកាសជានិមិត្តរូប ដែលបង្ខំឱ្យប្រទេសថៃ ប្រឈមមុខនឹងហានិភ័យសេដ្ឋកិច្ច និងសន្តិសុខភ្លាមៗផងដែរ។

លោក Anusorn បានបន្តទៀតថា រដ្ឋាភិបាលគួរតែយក សហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏អស្ចារ្យ ប៉ុន្តែ ផ្ទុយទៅវិញ រដ្ឋបាល របស់លោកអានុទីន បានប្រកាន់ជំហរ ដែលប្រែក្លាយ ទៅជាគូប្រជែង។ លោកបន្ថែមថា សេចក្តីប្រកាស ដែលត្រូវបានគេសង្ឃឹមថា នឹងទទួលបានប្រជាប្រិយភាព តែបានបង្កការខូចខាតរួចហើយ។ នេះជាករណីមួយទៀត ដែលប្រមុខរដ្ឋាភិបាលរូបនេះ ត្រូវប្រយ័ត្នប្រយែង។

លោក Anusorn បានបន្ថែមថា ​ប្រទេសនេះមិនគួរក្លាយជាកន្លែងសាកល្បងសម្រាប់កំហុស នៅលើឆាកនយោបាយអន្តរជាតិឡើយ។

ជុំវិញការថ្លែងរបស់លោក អានុទីន នេះដែរ សូម្បីអតីតអ្នកការទូតថៃ លោក Russ Chalijandra ចាត់ទុកថា ជាសម្តីដែល បំផ្លាញជាតិ ក្រោយអាមេរិកផ្អាកចរចាពាណិជ្ជកម្ម។ អាមេរិកផ្អាកចរចាពាណិជ្ជកម្មជាមួយថៃ ព្រោះថៃមិនទាន់ប្តេជ្ញាចិត្តគោរពកិច្ចព្រមព្រៀងសន្តិភាព ជាមួយកម្ពុជា ឬមានន័យថា ទីក្រុងបាងកក ត្រូវច្បាស់លាស់ពីការប្តេជ្ញាចិត្តជាមុនសិន ទើបបន្តចរចាវិញ៕

ព័ត៌មានទាក់ទង