អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពសុខភាពរបស់ពលការិនីខ្មែរម្នាក់ ដែលត្រូវបានទាហានឈុតខ្មៅថៃ រំលោភបំពានផ្លូវភេទជាក្រុម
(បាត់ដំបង)៖ លោកសាស្ដ្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ និងពិនិត្យពីស្ថានភាពសុខភាពផ្លូវកាយ និងផ្លូវចិត្ដដល់ពលការិនីកម្ពុជាយើងម្នាក់ ដែលត្រូវបានទាហានឈុតខ្មៅថៃ ប្រើអំពើហិង្សា និងរំលោភបំពានផ្លូវភេទជាក្រុម ដែលបានប្រព្រឹត្តមកលើពលការិនីចំណាកស្រុកកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈពេលដែលនារីរងគ្រោះ និងពលករផ្សេងទៀតបានកំពុងធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកសាស្ដ្រាចារ្យ គង់ សន្យា បានលើកទឹកចិត្ដដល់ពលការិនីរងគ្រោះខាងលើនេះ ពិសេសបានណែនាំដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ដបាត់ដំបង បន្ដយកចិត្ដទុកដាក់ខ្ពស់ក្នុងបម្រើសេវាសុខាភិបាលជូនស្ដ្រីដ៏សែនអាណិតអាសូររូបនេះ ដូចជាក្រុមគ្រួសារ និងកូនៗរបស់យើងដូច្នេះដែរ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនគាត់ ឱ្យឆាប់ជាសះស្បើយវិញទាំងផ្លូវកាយនិងផ្លូវចិត្ដ។
ជាមួយគ្នានេះ លោកសាស្ដ្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់ពលការិនីកម្ពុជាយើងដែលបានរងគ្រោះ ដោយសារស្នាដៃដ៏សាហាវយង់ឃ្នងរបស់ទាហានឈុតខ្មៅថៃ៕


