ជប៉ុនត្រៀម​ដាក់ពង្រាយមីស៊ីល​ក្បែរ​កោះ​តៃវ៉ាន់ ខណៈ​កំពុង​មាន​ភាពតានតឹង​ខ្លាំងជាមួយ​ចិន

យោង​តាម Bloomberg រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ជប៉ុនបានថ្លែងកាលពីថ្ងៃអាទិត្យ​ទី​២៣​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​ថា ផែនការដាក់ពង្រាយមីស៊ីល​បាញ់​ចេញ​ពីដីទៅអាកាស នៅមូលដ្ឋានក្បែរកោះតៃវ៉ាន់ នឹងបន្តទៅមុខ ដោយច្រានចោលការព្រួយបារម្ភថា សកម្មភាពនេះអាចបង្ក​ឲ្យ​ភាពតានតឹងជាមួយចិនកើនឡើង។

លោក Shinjiro Koizumi ក្នុងដំណើរទស្សនកិច្ចមូលដ្ឋានកងកម្លាំងស្វ័យការពារជើងគោក នៅលើកោះយ៉ូណាហ្គូនី (Yonaguni) បាន​ប្រកាស​ថា ការដាក់ពង្រាយនេះនឹងជួយពង្រឹងការទប់ស្កាត់ ខណៈដែលហានិភ័យសន្តិសុខក្នុងតំបន់កំពុង​កើន​ឡើង។ លោកបានប្រាប់អ្នកយកព័ត៌មានថា «ទស្សនៈដែលថា វានឹងបង្កើនភាពតានតឹងក្នុងតំបន់ គឺមិនត្រឹមត្រូវទេ»។

ទីក្រុងតូក្យូបានពិចារណាដាក់មីស៊ីល Type 03 Chu-SAM នៅលើកោះយ៉ូណាហ្គូនី តាំងពីដើមឆ្នាំ២០២៤មកម្ល៉េះ។ លោក Koizumi បានបញ្ជាក់​ថា ក្រសួងនៅតែស្ថិតក្នុងដំណាក់កាលបញ្ចប់ផែនការ ហើយនឹងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាននៅពេលរួចរាល់។

លោក Koizumi ក៏បានទៅទស្សនាមូលដ្ឋាននៅទីក្រុង Ishigaki និង Miyako ដែលជាមជ្ឈមណ្ឌលសំខាន់សម្រាប់មីស៊ីល​ប្រឆាំងនាវា ការឃ្លាំមើលតាមអាកាស និងសង្គ្រាមអេឡិចត្រូនិចផង​ដែរ។ កងទ័ពអាមេរិកថ្មីៗនេះ បានធ្វើសមយុទ្ធភស្តុភារ ដើម្បីក្លែងធ្វើការផ្គត់ផ្គង់កោះយ៉ូណាហ្គូនីក្នុងអំឡុងពេលមានវិបត្តិ។

លោក Koizumi បានលើក​ឡើង​ទៀត​​ថា ជប៉ុនកំពុងប្រឈមមុខនឹង «បរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរបំផុត និងស្មុគស្មាញបំផុតចាប់តាំងពីចប់សង្គ្រាមលោកលើកទីពីរមក» ដោយបន្ថែមថា កងកម្លាំងស្វ័យការពារកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកកាន់តែជិតស្និទ្ធ គឺជារឿងសំខាន់បំផុត។

ក្រសួងការបរទេសចិនមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។ ក្រសួងការពារជាតិតៃវ៉ាន់ក៏មិនបានឆ្លើយតប​ដែរ។

ការដាក់ពង្រាយដែលបានគ្រោងទុកនេះ ស្ថិត​ចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃការបង្កើនកម្លាំងយោធាទូលំទូលាយរបស់ជប៉ុននៅទូទាំងខ្សែសង្វាក់កោះភាគខាងត្បូង ដោយសារការព្រួយបារម្ភលើការពង្រីកអំណាចយោធារបស់ចិន និងហានិភ័យនៃជម្លោះតៃវ៉ាន់។ សមយុទ្ធមីស៊ីល​របស់ចិន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ ក្នុងឆ្នាំ២០២២ គឺបានបណ្តាល​ឲ្យ​មីស៊ីល​ផ្លោងធ្លាក់នៅភាគខាងត្បូងនៃកោះយ៉ូណាហ្គូនី​របស់​ជប៉ុន។

សូម​ជម្រាប​ថា ភាពតានតឹងបានកើនឡើងនៅ​ក្នុង​ខែ​វិច្ឆិកា​នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានលើកឡើងថា ប្រទេសជប៉ុនអាចនឹងសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត បើចិនវាយប្រហារតៃវ៉ាន់ ដែលបណ្តាល​ឲ្យមានការសងសឹកផ្នែកសេដ្ឋកិច្ច និងការរិះគន់យ៉ាងខ្លាំងពីទីក្រុងប៉េកាំង។ ទីក្រុងតូក្យូបាននិយាយថា ការចោទប្រកាន់របស់ចិនដែលថា ជប៉ុនបានផ្លាស់ប្តូរគោលនយោបាយគឺ «មិនមានមូលដ្ឋានទាល់តែសោះ»៕

ព័ត៌មានទាក់ទង