ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានច្រានចោលការផ្សព្វផ្សាយលើបណ្តាញសង្គម ដែលបង្ហាញថា វៀតណាមកំពុងសាងសង់ផ្លូវឆ្លងកាត់សមុទ្រឆ្ពោះទៅកាន់កោះហ្វូគក់ (កោះត្រល់) ដោយព្រមានថា ព័ត៌មានមិនពិតបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅក្នុងសេចក្តីបំភ្លឺដែលចេញផ្សាយនៅថ្ងៃទី ២៤ ខែវិច្ឆិកា ក្រសួងការបរទេស បានឱ្យដឹងថា មានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្មីៗនេះថា វៀតណាមកំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពីកោះទៀនហៃ (Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគក់ (កោះត្រល់) ផ្ទុយនឹងកិច្ចព្រមព្រៀង ដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២។
ក្រសួងការបរទេស បានបង្ហាញថា៖ «តាមការបញ្ជាក់ពីឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម និង ព័ត៌មានផ្តល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញ គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹង កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ»។
សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា៖ «រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គឺជា សំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់ កំពុងផែពហុបំណងនៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម»។
ក្រសួងបានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិតអាចបង្កឱ្យមានការយល់ច្រឡំពីសាធារណជន និងប្រឈមនឹងហានិភ័យនៃការប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងវៀតណាម។
ក្រសួងបានជំរុញឱ្យសាធារណជន និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចៀសវាងការចែករំលែកការអះអាងមិនបានផ្ទៀងផ្ទាត់ ដែលអាចបង្កឱ្យមានភាពរសើបឆ្លងដែន។
សេចក្តីថ្លែងការណ៍នេះបន្ថែមថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមស្នើឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មាន ខុសការពិតនេះ ដែលអាចបង្កឱ្យមានការយល់ខុស និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម»៕


