នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពេលភាពតានតឹងជាមួយចិនកើនឡើង
នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ ដែលជាការសន្ទនាលើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីការអត្ថាធិប្បាយថ្មីៗរបស់លោកស្រីTakaichi អំពីតៃវ៉ាន់បង្កឱ្យមានប្រតិកម្មការទូតពីទីក្រុងប៉េកាំងយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ខែវិច្ឆិកា។
កាលពីដើមខែនេះ លោកស្រី Takaichi បានប្រាប់សភាថា ការវាយប្រហាររបស់ចិនលើតៃវ៉ាន់អាចនាំឱ្យមានការឆ្លើយតបខាងយោធារបស់ជប៉ុន ដែលជំរុញឱ្យប្រទេសចិនថ្កោលទោសការអត្ថាធិប្បាយនេះ និងធ្វើពហិការការធ្វើដំណើរលើប្រទេសជប៉ុន។ ប្រទេសចិនទទូចថាតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ខណៈដែលតៃវ៉ាន់បដិសេធការអះអាងរបស់ទីក្រុងប៉េកាំង។
ជំនួបតាមទូរស័ព្ទនេះបានកើតឡើងត្រឹមតែមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រាប់លោក ត្រាំ ថា ការនាំតៃវ៉ាន់មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន គឺជាគោលដៅសំខាន់សម្រាប់ទីក្រុងប៉េកាំង។ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទនោះ លោក ត្រាំ បាននិយាយអំពីវឌ្ឍនភាពនៅក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ប៉ុន្តែមិនបានលើកឡើងពីតៃវ៉ាន់នោះទេ។
លោកស្រី Takaichi បាននិយាយថា លោក ត្រាំ បានពិពណ៌នាដោយសង្ខេបអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកំពុងដំណើរការ ហើយបានរំលឹកលោកស្រីថាទំនាក់ទំនងរវាងប្រទេសជប៉ុននិងអាមេរិកគឺជាមិត្តល្អនឹងគ្នា។ ប៉ុន្តែសេតវិមានមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតអំពីការសន្ទនារបស់ពួកគេនៅឡើយទេ។
បើតាមលោក Cho Jung-tai នាយករដ្ឋមន្ត្រីតៃវ៉ាន់បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា ប្រជាជន ២៣លាននាក់នៃកោះនេះនឹងមិនទទួលយកការ «វិលត្រឡប់» ទៅប្រទេសចិនវិញឡើយ។ ចំណែកអ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានសង្កត់ធ្ងន់ថា ទំនាក់ទំនងស្ថិរភាពរវាងសហរដ្ឋអាមេរិក និងចិនគឺមានសារៈសំខាន់សម្រាប់សន្តិសុខពិភពលោក និងតំបន់ ប៉ុន្តែបានបដិសេធមិនឆ្លើយតបដោយផ្ទាល់ទៅនឹងការអត្ថាធិប្បាយរបស់លោក ស៊ី ជីនពីង ឡើយ៕


