ព័ត៌មានអន្ដរជាតិ ថៃលិចលង់​ខ្លាំង ដល់ថ្នាក់​កងទ័ព​ជើង​ទឹកដាក់ពង្រាយនាវាចម្បាំងទៅ​ជួយ

កងទ័ពជើងទឹកភូមិន្ទថៃ (RTN) កំពុងដាក់ពង្រាយនាវាដ៏ធំ​បំផុតរបស់ខ្លួន គឺនាវា HTMS Chakri Naruebet រួម​ជាមួយ​ឧទ្ធម្ភាគចក្រពីរគ្រឿង និងក្រុមប្រតិបត្តិការពិសេស ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងតំបន់ភាគខាងត្បូងដែល​កំពុងរងគ្រោះដោយសារ​ទឹកជំនន់។​ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់ Khaosod នា​ថ្ងៃ​អង្គារ​ទី​២៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥។

លោក Parat Rattanachaiphan អ្នកនាំពាក្យកងទ័ពជើងទឹក បាន​និយាយ​ថា នាវានេះកំពុងចាកចេញពីមូលដ្ឋានទ័ពជើងទឹកសាត់តាហ៊ីប (Sattahip) ជាមួយក្រុមគ្រូពេទ្យ អង្គភាពផ្ទះបាយចល័ត សម្ភារៈសង្គ្រោះ និងបរិក្ខារសង្គ្រោះ ខណៈដែលអាជ្ញាធរកំពុងប្រណាំងប្រជែងនឹងពេលវេលាដើម្បីទៅជួយពលរដ្ឋដែលជាប់គាំង។

នាវាផ្ទុកយន្តហោះ ដែលអាចបម្រើការជាមូលដ្ឋានទ័ពអាកាសបណ្តែតទឹក នឹងគាំទ្រដល់ប្រតិបត្តិការឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ហើយអាចផលិតអាហារចម្អិនរួចរហូតដល់ ៣០០០កញ្ចប់ក្នុងមួយថ្ងៃ ដើម្បីដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់តំបន់ដែលរងផលប៉ះពាល់។ អង្គភាពវេជ្ជសាស្ត្រនៅលើនាវាក៏បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើប្រតិបត្តិការជាមន្ទីរពេទ្យបណ្តែតទឹក ប្រសិនបើចាំបាច់។

កងទ័ពជើងទឹកភូមិន្ទថៃបានបន្ថែម​ថា នាវាបន្ថែមទៀតគឺនាវា HTMS Chang និង HTMS Ang Thong ក៏​ត្រៀមខ្លួនរួចរាល់ក្នុងការដាក់ពង្រាយជាជំនួយដំណាក់កាលទីពីរ​ផង​ដែរ។

កងកម្លាំងប្រតិបត្តិការពិសេសមកពីបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងទឹក រួមជាមួយទូកកៅស៊ូចំនួន១៤គ្រឿង ក៏ត្រូវបានបញ្ជូនតាមយន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសភូមិន្ទថៃ ដើម្បីជួយប្រជាពលរដ្ឋនៅក្នុងតំបន់ដែលត្រូវបានកាត់ផ្តាច់ដោយចរន្តទឹកហូរខ្លាំងផងដែរ។

សូម​ជម្រាប​ថា ភាគខាងត្បូង​ប្រទេស​ថៃ កំពុងវេទនាខ្លាំងដោយសារទឹកជំនន់ជាប្រវត្តិសាស្រ្ត ដែលជន់លិច១០ខេត្តឈានដល់ការប្រកាសអាសន្នដូចជានៅChumphon, Surat Thani, Nakhon Si Thammarat, Satun, Songkhla, Phatthalung, Trang, Narathiwat, Pattani និង Yala៕

ព័ត៌មានទាក់ទង