ប្រធានាធិបតី​តៃវ៉ាន់ គ្រោង​បន្ថែមថវិកា​ការពារជាតិ៤០ពាន់​លាន​ដុល្លារទៀត ដើម្បី​ទប់ទល់​នឹង​ចិន

ប្រធានាធិបតី​តៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បាន​ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ស្វែងរក​ការ​ចំណាយ​បន្ថែម៤០ពាន់​លាន​ដុល្លារ​​លើ​វិស័យ​ការពារជាតិ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ដោយ​មាន​គោលបំណង​ពង្រឹង​ការ​ទប់ស្កាត់​ការ​វាយប្រហារដែល​អាច​កើត​មាន​​​ពី​សំណាក់​ប្រទេស​ចិន។

នៅក្នុង​អត្ថបទ​​មួយ​​ដែល​​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​​ទី​២៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​ក្នុង​កាសែត Washington Post លោកឡៃ បាន​និយាយ​ថា ថវិកា​ទាំងនេះ​នឹង​គាំទ្រ​ដល់​ការទិញ​សព្វាវុធ​សំខាន់ៗ​ពី​សហរដ្ឋអាមេរិក និង​ពង្រីក​សមត្ថភាព​ធ្វើសង្គ្រាម​អសមមាត្រ​របស់​តៃវ៉ាន់។ លោក​បាន​សរសេរ​ថា «យើង​មាន​គោលបំណង​ពង្រឹង​ការ​ទប់ស្កាត់​ដោយ​ដាក់បញ្ចូល​នូវ​ការចំណាយ និង​ភាព​មិន​ច្បាស់លាស់​កាន់តែ​ច្រើន​ទៅក្នុង​ការ​សម្រេចចិត្ត​របស់​ទីក្រុង​ប៉េកាំង»។

លោកឡៃ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​កិច្ចប្រជុំ​សន្តិសុខ​កម្រិត​ខ្ពស់ ដោយ​មាន​រដ្ឋមន្ត្រី​ការពារជាតិ លោក Wellington Koo ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​សេចក្តី​សង្ខេប​ជូន​អ្នកសារព័ត៌មាន។

ការ​ប្រកាស​នេះ​ កើតឡើង​ចំ​ពេល​ភាព​តានតឹង​ក្នុង​តំបន់​កើនឡើង រួមទាំង​ជម្លោះ​ការទូត​រវាង​ទីក្រុង​តូក្យូ និង​ទីក្រុង​ប៉េកាំង និង​ការ​អនុម័ត​របស់​សហរដ្ឋអាមេរិក​ថ្មីៗ​នេះ​លើ​ការ​លក់​គ្រឿងបន្លាស់​យោធា​តម្លៃ​៣៣០លាន​ដុល្លារ​​ឲ្យ​តៃវ៉ាន់ ដែល​ជា​ការ​លក់​លើកដំបូង​ចាប់តាំងពីលោក ដូណាល់ ត្រាំ បាន​ត្រឡប់​មក​កាន់​សេតវិមាន​វិញ​នៅ​ក្នុង​អាណត្តិ​ទី​ពីរ។

តៃវ៉ាន់​បាន​ស្នើ​សុំ​ថវិកា​ការពារជាតិ ៩៤៩.៥​ពាន់​លាន​ដុល្លារ​តៃវ៉ាន់ (ប្រហែល៣០ពាន់​លាន​ដុល្លារ​) សម្រាប់​ឆ្នាំ​ក្រោយ ដែល​ស្មើនឹង៣.៣២%នៃGDP ហើយ​លោកឡៃ បាន​សន្យា​ថា​នឹង​បង្កើន​ការ​ចំណាយ​ដល់​​៥%នៅ​ឆ្នាំ២០៣០។

លោកឡៃ ក៏បាន​សន្យា​ផង​ដែរ​ថា​នឹង​ពន្លឿន​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ «T-Dome» ដើម្បី​កសាង​នូវ​អ្វី​ដែល​លោក​ហៅថា «តៃវ៉ាន់​ដែល​មិន​អាច​ឈ្លានពាន​បាន»៕

ព័ត៌មានទាក់ទង