ទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ប្រទេសថៃ នៅខេត្ត Songkhla និងខេត្តភាគខាងត្បូងជាច្រើនទៀត អាចនឹងធ្វើឲ្យសេដ្ឋកិច្ចខាតបង់មិនតិចជាង២៥ពាន់លានបាតនោះឡើយ ក្នុងរយៈពេលត្រឹមតែមួយខែ។ នេះបើយោងតាមការវាយតម្លៃដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ ដោយមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (ឬហៅថា KResearch)។
យោងតាមសារព័ត៍មានថៃ The Standard លោកស្រី Kewalin Wangpichayasuk អនុប្រធានគ្រប់គ្រងនៅ KResearch បាននិយាយថា ទឹកជំនន់ធ្ងន់ធ្ងរ ជាពិសេសនៅខេត្ត Songkhla ដែលមានភ្លៀងធ្លាក់ខ្លាំងជាប់តាំងពីថ្ងៃទី២១ខែវិច្ឆិកា បានប៉ះពាល់ដល់ពលរដ្ឋប្រមាណ៨០០ ០០០គ្រួសារ និងដីជាង ៤០០ ០០០រ៉ៃ (ប្រមាណ៦៤០គីឡូម៉ែត្រក្រឡា)។ ស្ថានការណ៍នៅតែមានភាពធ្ងន់ធ្ងរ ដោយសារអាចនឹងមានភ្លៀងបន្តធ្លាក់ទៀត។
KResearch ប៉ាន់ប្រមាណផលប៉ះពាល់សេដ្ឋកិច្ចជាពីរសមាសភាគ៖
១.ផលប៉ះពាល់សេដ្ឋកិច្ចភ្លាមៗ៖ យ៉ាងហោចណាស់២៥ប៊ីលានបាត
ផលប៉ះពាល់ក្នុងខែដំបូងត្រូវបានព្យាករថាមានចំនួន២៥ប៊ីលានបាត ឬ ០.១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ ដោយសន្មតថា ស្ថានភាពធ្ងន់ធ្ងរក្នុងរយៈពេល១០ទៅ១៥ថ្ងៃដំបូង មុននឹងធូរស្រាលបន្តិចម្តងៗក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់។
Songkhla គឺជាខេត្តដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានការរំខានយ៉ាងធំដល់៖
- សេវាកម្ម (ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ការលក់រាយ និងការដឹកជញ្ជូន)
- ឧស្សាហកម្ម (កសិកម្ម និងការកែច្នៃចំណីអាហារ)
- ការដាច់ចរន្តអគ្គិសនី និងទឹកស្អាត
ទឹកជំនន់ បានកើតឡើងចំពេលរដូវកាលទេសចរណ៍កំពូលរបស់ប្រទេសថៃ និងការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ចាប់ពីថ្ងៃទី៩ដល់២០ខែធ្នូ ដែលក្នុងនោះខេត្ត Songkhla ត្រូវបានកំណត់ជាទីតាំងប្រកួត។
ការខាតបង់ផ្នែកកសិកម្មត្រូវបានរំពឹងទុកលើវិស័យកៅស៊ូ ប្រេងដូង និងវារីវប្បកម្មនៅក្នុងខេត្ត Songkhla និងខេត្តជិតខាង។
២. ការខូចខាតទ្រព្យសម្បត្តិ៖ រយៈពេលវែងជាង និងពិបាកក្នុងការកំណត់បរិមាណ
KResearch បានព្រមានថា ការខូចខាតទ្រព្យសម្បត្តិ ផលប៉ះពាល់លើគ្រួសារពលរដ្ឋរងគ្រោះ ទីភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងដៃគូខ្សែសង្វាក់ផ្គត់ផ្គង់ ទំនងជាត្រូវបានវាយតម្លៃក្នុងរយៈពេលយូរជាង ដោយបន្ថែមថា ការស្តារឡើងវិញនឹងអាស្រ័យលើភាពធន់ផ្នែកហិរញ្ញវត្ថុរបស់ពលរដ្ឋ លក្ខខណ្ឌសេដ្ឋកិច្ច ការគាំទ្រពីម្ចាស់បំណុល និងកម្មវិធីជំនួយរបស់រដ្ឋាភិបាល៕
![]()

