យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ ទីក្រុងហ្សាកាតាបានវ៉ាដាច់ទីក្រុងតូក្យូ ក្លាយជាទីក្រុងធំជាងគេបំផុតរបស់ពិភពលោក ដែលមានប្រជាជនចំនួន ៤១,៩ លាននាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៦ខែវិច្ឆិកា។
ក្រោយទីក្រុងហ្សាកាតាក្លាយជាទីក្រុងមានប្រជាជនច្រើនជាងគេ រដ្ឋធានីដាការបស់ប្រទេសបង់ក្លាដែស ឥឡូវនេះគឺជាទីក្រុងធំជាងគេទីពីរ ដែលមានប្រជាជនចំនួន ៣៦,៦ លាននាក់ ហើយត្រូវបានគេព្យាករថានឹងក្លាយជាទីក្រុងធំជាងគេបំផុតរបស់ពិភពលោកនៅឆ្នាំ ២០៥០។ ចំណែកទីក្រុងតូក្យូបានធ្លាក់ចុះមកចំណាត់ថ្នាក់ទីបី ជាមួយនឹងចំនួនប្រជាជនមានស្ថេរភាព ៣៣,៤ លាននាក់។

របាយការណ៍ឆ្នាំ ២០២៥ របស់អង្គការសហប្រជាជាតិបង្ហាញថា ទីក្រុងនានាកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក។ ចំនួនទីក្រុងធំៗ ដែលមានប្រជាជនជាង ១០ លាននាក់ បានកើនឡើងដល់ ៣៣ កើនឡើងពីត្រឹមតែ ៨ ក្នុងឆ្នាំ ១៩៧៥។ ទីក្រុងធំៗបំផុតរបស់ពិភពលោកភាគច្រើនស្ថិតនៅក្នុងទ្វីបអាស៊ី។ ក្នុងចំណោមទីក្រុងធំៗទាំងដប់ មានប្រាំបួនទីក្រុង រួមមានញូវដេលី សៀងហៃ ក្វាងចូវ ម៉ានីល កូលកាតា និងសេអ៊ូល ស្ថិតនៅក្នុងទ្វីបអាស៊ី លើកលែងតែទីក្រុងគែរក្នុងប្រទេសអេហ្ស៊ីបមួយប៉ុណ្ណោះ ដែលមិនស្ថិតនៅក្នុងទ្វីបអាស៊ី។
ចំនួនប្រជាជនទីក្រុងដាកា ប្រទេសបង់ក្លាដែសកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមនុស្សកំពុងផ្លាស់ប្តូរទីលំនៅពីតំបន់ជនបទ និងដោយសារតែបញ្ហាអាកាសធាតុដូចជាទឹកជំនន់ និងកម្រិតទឹកសមុទ្រកើនឡើង។ ទីក្រុងហ្សាកាតាក៏ប្រឈមនឹងហានិភ័យស្រដៀងគ្នាដែរ ដោយមួយភាគបួននៃទីក្រុងប្រឈមនឹងហានិភ័យលិចទឹកនៅឆ្នាំ ២០៥០។ ទោះបីជាប្រទេសឥណ្ឌូណេស៊ីកំពុងសាងសង់រដ្ឋធានីថ្មីនៅ Nusantara ក៏ដោយ ក៏ចំនួនប្រជាជនទីក្រុងហ្សាកាតានៅតែត្រូវបានគេរំពឹងថានឹងបន្តកើនឡើង៕


