លោក ប៉ាង លីដា មន្ត្រីគំរូ ដែលសកម្មនិងហ៊ាន “មូរជើងខោ ចុះស្ដារប្រឡាយលូ” និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដោយការប្ដេជ្ញាចិត្តខ្ពស់!

ការងាររំដោះចិញ្ចើមផ្លូវពីសំណង់រំលោភបំពាន និងការដោះស្រាយបញ្ហាសំរាម គឺជាប្រធានបទដ៏លំបាក ក៏ប៉ុន្តែលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានសម្រេចដោយជោគជ័យ និងទទួលបានបណ្ណសរសើរពីថ្នាក់ដឹកនាំទៀតផង។

ដើម្បីជម្នះនូវបញ្ហាប្រឈម និងទទួលបានការសហការពីប្រជាពលរដ្ឋ លោក ប៉ាង លីដា បានប្រើប្រាស់សិល្បៈនៃការសម្របសម្រួល និងយុទ្ធសាស្ត្រទំនាក់ទំនងដ៏ប៉ិនប្រសប់របស់លោក។ អ្វីដែលជំរុញឱ្យលោក បំពេញការងារដោយពុំខ្លាចនឿយហត់យ៉ាងដូច្នេះ គឺដោយសារតែលោក មានការយល់ដឹង ច្បាស់អំពីតួនាទីរបស់លោក ក្នុងនាមជាអាជ្ញាធរ។ ក្នុងនាមជាអាជ្ញាធរ លោក មានកាតព្វកិច្ចចំពោះប្រជាពលរដ្ឋ និងត្រូវដឹងសុខទុក្ខរបស់ពលរដ្ឋ។ លើសពីនេះ បេះដូងរបស់លោកជំរុញឱ្យលោក ចង់ឃើញភូមិ ឃុំរបស់លោក ស្អាត មានសណ្ដាប់ធ្នាប់និងមានសុវត្ថិភាព។ លោកយល់ថា បញ្ហាជាក់ស្តែងដូចជា៖ ទឹកលិច ទឹកស្អុយ ស្ទះលូ និងការគ្មានសណ្ដាប់ធ្នាប់សាធារណៈ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់លោក គឺជាអ្វីដែលលោក ត្រូវតែជម្នះដោះស្រាយឱ្យបាន។ លោក បានយកស្មារតីតស៊ូលះបង់របស់យុទ្ធជន ដែលឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ធ្វើជាកម្លាំងជំរុញបេសកកម្មដោះស្រាយបញ្ហាសណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋានរបស់លោក និងក្រុមការងារ៕

ព័ត៌មានទាក់ទង