ឆ្មាំសមុទ្រចិន បណ្ដេញទូកនេសាទជប៉ុនចេញពីដែនទឹកក្បែរទីប្រជុំកោះ Senkaku

(ប៉េកាំង)៖ ឆ្មាំសមុទ្រចិន នៅថ្ងៃអង្គារ ទី២ ខែធ្នូ បានបណ្ដេញទូកនេសាទជប៉ុនមួយគ្រឿងឱ្យចេញឆ្ងាយពីតំបន់ដែនទឹកស្ថិតនៅក្បែរទីប្រជុំកោះជម្លោះ Senkaku ខណៈភាពតានតឹង រវាងប្រទេសក្នុងតំបន់អាស៊ីទាំង២ កាន់តែឡើងកម្ដៅជុំវិញបញ្ហាតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ឆ្មាំសមុទ្រចិនបានអះអាងថាទូកនេសាទជប៉ុនខាងលើបានចូលក្នុងដែនទឹកនៃទីប្រជុំកោះ Senkaku ដោយខុសច្បាប់។ ចិន និងជប៉ុនតែងតែប្រឈមមុខ ដាក់គ្នាជារឿយៗនៅទីប្រជុំកោះ Senkaku ឬចិនហៅថា Diaoyu ជាទីដែលប្រទេសទាំង២ទាមទារដែនអធិបតេយ្យគ្រប់គ្រងលើទីប្រជុំកោះនេះរៀងៗខ្លួន។

ចិន និងជប៉ុន បានធ្លាក់ចូលក្នុងវិបត្តិការទូតយ៉ាងអាក្រក់បំផុតមួយ ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បាននិយាយកាលពីខែវិច្ឆិកាថា ក្នុងករណីដែល ចិនសម្រេចបើកការវាយលុកលើតៃវ៉ាន់ នោះទីក្រុងតូក្យូអាចនឹងត្រូវធ្វើការឆ្លើយតប​ដោយយោធា។ ការលើកឡើងបែបនោះបានធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារជាខ្លាំងមកទល់ពេលនេះ និងបានចាត់វិធានការមួយចំនួនដើម្បីដាក់សម្ពាធលើទីក្រុងតូក្យូ៕

ព័ត៌មានទាក់ទង