ថៃ ឈានដល់បិទទាំងសាលារៀននៅក្នុងតំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ា ដោយសារតែការប្រយុទ្ធនៅទីនោះខ្លាំងក្លាពេក រាលដាលចូលដីរបស់ខ្លួន
មិនត្រឹមតែច្រកព្រំដែនក្រៅផ្លូវការទេ ពេលនេះថៃ ឈានដល់បិទទាំងសាលារៀននៅក្នុងតំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ាទៀតផង ដោយសារតែការប្រយុទ្ធនៅទីនោះខ្លាំងក្លាពេក រាលដាលចូលដីរបស់ខ្លួន។
តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃចន្ទទី១ខែធ្នូឆ្នាំ២០២៥, អាជ្ញាធរថៃ បានបិទសាលារៀន Ban Mae Kon Ken និងពង្រឹងសន្តិសុខកម្រិតខ្ពស់នៅខេត្ត តាក ក្រោយគ្រាប់ផ្លោងនិងកាំភ្លើងត្បាល់មីយ៉ាន់ម៉ា បាញ់ចំផ្ទះពលរដ្ឋថៃបណ្តាលឲ្យខ្ទេច និងរបួសមនុស្ស។
សាលារៀននេះមានចម្ងាយត្រឹមប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីសមរភូមិនៅខាងមីយ៉ាន់ម៉ា ហើយតែងរងគ្រោះដោយការធ្លាក់គ្រាប់ម្តងហើយម្តងទៀត ទើបឈានដល់ការសម្រេចបិទនេះ។
ទន្ទឹមនោះដែរ កងកម្លាំងថៃដូចជាមកពីកងអនុសេនាធំ Naresuan, កងអនុសេនាធំរេនជើរលេខ៣៥,មន្ត្រីស្រុក, កងអនុសេនាធំល្បាតព្រំដែនលេខ៣៤៦, និងប៉ូលិសម៉ែសូត បានពង្រឹងទីតាំងនៅតាមបណ្តោយព្រំដែន ហើយកំពុងល្បាត២៤ម៉ោងលើ២៤ម៉ោង។
មុននេះអាជ្ញាធរថៃបានបិទច្រកឆ្លងកាត់ព្រំដែនក្រៅផ្លូវការទាំងអស់នៅតំបន់ម៉ែសូតសម្រាប់រយៈពេល៧ថ្ងៃរួចទៅហើយ ដោយខ្លាចកើនជម្លោះជាមួយមីយ៉ាន់ម៉ា។
សូមជម្រាបថា ប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងសហភាពជាតិការ៉េន (KNU) និងកងទ័ពមីយ៉ាន់ម៉ា បានផ្ទុះឡើងនៅត្រើយម្ខាងនៃព្រំដែន ធ្វើឲ្យសំឡេងកាំភ្លើងបន្លឺឆ្លងចូលក្នុងដីថៃ ហើយមានតែស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទីមួយប៉ុណ្ណោះដែលនៅតែបើកសម្រាប់ការធ្វើដំណើរធម្មតា។
ការប៉ះទង្គិចគ្នារវាងកងពលតូចលេខ៦ របស់ KNU និងបញ្ជាការប្រតិបត្តិការយោធាលេខ២២ របស់មីយ៉ាន់ម៉ា នៅក្នុងភូមិ Min Lapa ទល់មុខភូមិ Ban Mae Kon Ken ក្នុងខេត្តតាក បានកើនឡើងចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាមក ដោយភាគីទាំងពីរបានបាញ់តបតគ្នាដោយកាំភ្លើងត្បាល់ ៦០មិល្លីម៉ែត្រ និង១២០មិល្លីម៉ែត្រ ខណៈកងកម្លាំងមីយ៉ាន់ម៉ាក៏ប្រើប្រាស់ដ្រូនដើម្បីទម្លាក់គ្រាប់បែកលើទីតាំង KNU ផងដែរ៕


