សៀវភៅម្ហូប «កេរដំណែលស្នាដៃម្ហូបខ្មែរ» ឬ «The Taste of Angkor» ទាំងពីរភាគ ដែលរៀបរៀង និងដោយក្រសួងការបរទេសកម្ពុជា បានក្លាយជាម្ចាស់ជ័យលាភី «Best of the Best – Cambodia» ពីពានរង្វាន់ Gourmand Awards Best of the Best។ ពិធីប្រកាសជ័យលាភីនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធី The Saudi Feast Food Festival ដែលប្រព្រឹត្តិទៅពីថ្ងៃទី ២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» ភាគ១ ត្រូវបានចេញផ្សាយនៅឆ្នាំ២០២១ ខណៈភាគ២ ចេញផ្សាយកាលពីឆ្នាំ២០២៥។ ភាគនីមួយៗបានបញ្ចូលមុខម្ហូប៣៨មុខ ជាមួយនឹងការរៀបរាប់ពីគ្រឿងផ្សំ វិធីចម្អិន និងរូបភាពយ៉ាងមុខម្ហូបយ៉ាងទាក់ទាញ។
សៀវភៅជាភាសាអង់គ្លេសទាំងនេះ ត្រូវបានក្រសួងចាត់ទុកជាឧបករណ៍លើកស្ទួយការទូតអាហារ (Food Diplomacy) និងជាវិធីបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរទៅកាន់ពិភពលោក។
បើតាមក្រសួងការបរទេស សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» ភាគ១ ទទួលបានពានរង្វាន់អន្តរជាតិចំនួន៤រួមមាន Best Asian Cookbook និង Best Asian Cuisine Book ក្នុងឆ្នាំ២០២១, Heads of State/Food ឆ្នាំ២០២២ និង Best Television Award of the Jury ឆ្នាំ២០២៣។ ចំណែកសៀវភៅ ភាគ២ ក៏ទើបនឹងទទួលបានពានរង្វាន់ Special Award of the Jury កាលពីខែមិថុនា ឆ្នាំ២០២៥ ថ្មីៗនេះ។
ក្រសួងការបរទេស បានចាត់ទុកជ័យលាភីនៃសៀវភៅទាំងពីរភាគនេះ ជាសក្ខីកម្មនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយកិត្យាជាតិលើឆាកអន្តរជាតិ តាមរយៈការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ។
គួរជម្រាបផងដែរថា Gourmand Awards Best of the Best គឺជាពានរង្វាន់កិត្តិយសថ្នាក់អន្តរជាតិ ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ ដើម្បីទទួលស្គាល់ស្នាដៃល្អបំផុត ក្នុងវិស័យសៀវភៅម្ហូបអាហារ ស្រា និងកម្មវិធីទូរទស្សន៍ពាក់ព័ន្ធម្ហូបអាហារ៕


