កូនផ្សោតដែលទើបកើតថ្មីចំនួន១ក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវនិងល្បាតនៃរដ្ឋបាលជលផលនិងអង្គការ WWF កម្ពុជា បានប្រទះឃើញ នៅវេលាម៉ោង១៥និង៤០នាទីរសៀល ថ្ងៃទី១ ខែធ្នូឆ្នាំ២០២៥ នៅតំបន់អន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា កូនផ្សោតថ្មីទី៨នេះ មានអាយុប្រហែល១ថ្ងៃ មានសុខភាពល្អ និងកំពុងបណ្តើរដោយមេដែលមានលេខកូដសម្គាល់១៣៨ រួមជាមួយក្រុមសត្វផ្សោតធំៗចំនួន៤ក្បាលផ្សេងទៀត។
គួរបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំនៃកំណត់ត្រាប្រវត្តិសាស្រ្តជាលើកទី១ របស់កម្ពុជា ដែល ពុំមានករណីសត្វផ្សោតស្លាប់រយៈពេលពេញមួយឆ្នាំ និង១៨ថ្ងៃ ពោលគិតចាប់ ពី ថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៤ ដល់ថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។ តាមរយៈកូនផ្សោតកើតថ្មីនេះទៀតសោត ចំនួនសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិមានចំនួនសរុបកើនដល់ ១១២ក្បាល៕


