ពលរដ្ឋថៃម្នាក់ទៀតហើយ ត្រូវរបួសគ្រាប់កាំភ្លើងដែលបាញ់ធ្លាយមកពីខាងមីយ៉ាន់ម៉ា

ពលរដ្ឋថៃម្នាក់ទៀតហើយ ត្រូវរបួសគ្រាប់កាំភ្លើងដែលបាញ់ធ្លាយមកពីខាងមីយ៉ាន់ម៉ា ស្របពេលទាហានមីយ៉ាន់ម៉ានិងកងទ័ពការ៉ែន កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ច្រើនថ្ងៃជាប់គ្នា។

តាមការផ្សាយរបស់ Amarin កាលពីថ្ងៃអង្គារទី២ខែធ្នូឆ្នាំ២០២៥ គ្រាប់កាំភ្លើងពីខាងមីយ៉ាន់ម៉ា បានបាញ់ចំភ្លៅខាងឆ្វេងរបស់ស្រ្តីចំណាស់ម្នាក់ឈ្មោះ Laphin Thipchanta អាយុ៦៨ឆ្នាំ នៅក្នុងភូមិ Ban Mae Ku Luang ឃុំ Mae Ku ស្រុក Mae Sot នៃខេត្ត Tak។

ហេតុការណ៍នេះកើតឡើងក្រោយពេលគ្រាប់ពីខាងមីយ៉ាន់ម៉ា ក៏ធ្លាក់ចំភូមិ Mai Mae Kon Ken នៃឃុំ Mahawan ជាបន្តបន្ទាប់ផងដែរ ធ្វើឲ្យខ្ទេចផ្ទះពលរដ្ឋ មានទាំងអ្នករបួសទៀតផង។

ចុងក្រោយបំផុត ពោលគឺនៅថ្ងៃអង្គារទី២ខែធ្នូឆ្នាំ២០២៥ អ្នកភូមិ Mai Mae Kon Ken មានការភិតភ័យនិងចលាចល ពេលឃើញយន្តហោះទម្លាក់គ្រាប់បែក ដែលយោធាមីយ៉ាន់ម៉ា បញ្ជូនមក ហើយពួកគេក៏ឃើញការទម្លាក់គ្រាប់បែកចុះមកដែរ។

សូមជម្រាបជាថ្មី ការប្រយុទ្ធគ្នារវាងទាហានមីយ៉ាន់ម៉ាពីកងពលធំលេខ២២ជាមួយកងពលធំលេខ៦នៃសហភាពជាតិការ៉ែន (KNU) កាន់តែរីករាលដាលធំទៅៗ ដោយភាគីទាំងពីរបានបាញ់តដៃគ្នា ប្រើទាំងអាវុធធុនធ្ងន់និងយន្តហោះចម្បាំង។

សមរភូមិនេះ ស្ថិតនៅតំបន់ Ban Min La Pan នៃស្រុក Myawaddy មិនឆ្ងាយប៉ុន្មានពីភូមិ Ban Huai Maha Wong និង Ban Mae Kon Ken ក្នុងឃុំ Mahawan ស្រុក Mae Sot នៃខេត្ត Tak។

សមរភូមិនេះនេះគឺជាការប៉ុនប៉ងរបស់កងទ័ពមីយ៉ាន់ម៉ា ដើម្បីដណ្តើមយកបន្ទាយរឹងមាំ ពីកងកម្លាំងការ៉ែនមកវិញ ខណៈទាហានថៃ ក៏កំពុងប្រុងជើងការខ្ពស់ផងដែរដើម្បីតបត បើស្ថានការណ៍រឹតធ្ងន់ធ្ងរ៕

ព័ត៌មានទាក់ទង