តួលេខអ្នកស្លាប់នៅថៃ កើនដល់២៦៧នាក់ ក្រោយការវាយប្រហារគ្រោះទឹកជំនន់

(បាងកក)៖ នាថ្ងៃពុធនេះ ក្រសួងសុខាភិបាលថៃ បានឱ្យដឹងថា តួលេខមនុស្សដែលបានបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់ នៅភាគខាងត្បូងប្រទេសថៃ កាលពីខែមុន បានកើនដល់២៦៧នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ បានប្រាប់ AFP ថា ភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាប់គ្នា ដែលបង្កជាមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរ ជន់លិចតំបន់ភាគខាងត្បូងប្រទេសថៃ កាលពីខែវិច្ឆិកា បានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច២៦៧នាក់ នៅទូទាំងខេត្តសរុបជិត១០ ក្នុងនោះចំនួន​អ្នកស្លាប់ជាងពាក់កណ្តាល គឺ១៤២នាក់ ត្រូវបានកត់ត្រានៅតំបន់ទីក្រុង Hat Yai នៃខេត្ត Songkhla។

រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី លោក Anutin Charnvirakul ដែលទើបតែឡើងកាន់អំណាច កាលពីខែកញ្ញា បានធ្លាក់ប្រជាប្រិយភាព​ជាខ្លាំង ក្រោយរងការរិះគន់ថា ហាក់សមត្ថភាពក្នុងការឆ្លើយតបវិបត្តិគ្រោះធម្មជាតិនេះ។

គួរបញ្ជាក់ថា សរុបជារួម គ្រោះទឹកជំនន់និងបំណាក់ដី នៅទូទាំងតំបន់អាស៉ី បានសម្លាប់មនុស្សច្រើនជាង ១៤០០នាក់ ដោយនៅឥណ្ឌូណេស៉ី មានអ្នកស្លាប់កើនលើស៧០០នាក់ ខណៈនៅស្រីលង្កា ចំនួនមនុស្សស្លាប់ឡើងដល់៤៦៥នាក់ ហើយក្នុងប្រទេសទាំងពីរ នៅមានមនុស្សរាប់រយនាក់ទៀត បន្តបាត់ខ្លួននៅឡើយមកទល់ពេលនេះ៕

ព័ត៌មានទាក់ទង