ប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងទ្វីបអាស៊ី ជាទីតាំងទាក់ទាញទេសចរខ្លាំងបំផុតប្រចាំឆ្នាំ២០២៥
ប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងទ្វីបអាស៊ី ជាទីតាំងទាក់ទាញទេសចរខ្លាំងបំផុតប្រចាំឆ្នាំ២០២៥ របស់គេហទំព័រ Trip Advisor។
ក្នុងចំណាត់ថ្នាក់របស់ Trip Advisor, ប្រាសាទអង្គរវត្ត បានយកឈ្នះមហាកំផែងរបស់ប្រទេសចិន និងប្រាសាទ Taj Mahal របស់ឥណ្ឌា។
ក្នុងនោះ Trip Advisor បានសរសើរពេញៗមាត់ថា អង្គរវត្ត គឺជាអច្ឆរិយវត្ថុមួយរបស់ពិភពលោក ហើយគ្មានអ្វីត្រូវឆ្ងល់ទេថាតើហេតុអ្វី។ សូមស្វែងយល់រមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមួយនេះ ហើយសូមកោតសរសើរដល់ស្ថាបត្យកម្មនិងចម្លាក់ដ៏អស្ចារ្យរបស់ប្រាសាទ។
មនុស្សជាច្រើនបានទៅទស្សនានៅពេលថ្ងៃរះ ដូច្នេះអ្នកចាំបាច់ត្រូវតែដាក់ម៉ោងរោទិ៍ ដើម្បីទៅឲ្យទាន់ពេល។ បើអ្នកធ្វើដំណើរជាមួយមគ្គុទ្ទេសក៍ រឹតតែមានតម្លៃព្រោះអ្នកនឹងបានស្តាប់នូវរឿងរ៉ាវ និងអត្ថន័យសំខាន់ៗ នៅពីក្រោយសំណង់ប្រវត្តិសាស្ត្រមួយនេះ។
សូមជម្រាបថា ក្នុងចំណោមកន្លែងកំពូលទាំង៥ដែលទាក់ទាញទេសចរខ្លាំងបំផុតនៅអាស៊ីក្នុងឆ្នាំ២០២៥ របស់ Trip Advisor មានអង្គរវត្ត ឈរលេខ១, លេខ២បានទៅលើមហាកំផែងរបស់ចិន, ប្រាសាទ Taj Mahal របស់ឥណ្ឌាលេខ៣, ទីសក្ការបូជា Fushimi Inari-taisha របស់ជប៉ុន លេខ៤ និងសារមន្ទីរ War Remnants របស់វៀតណាម ជាប់លេខ៥។
សូមបញ្ជាក់ថា ក្នុងចំណោមទីតាំងកំពូលទាំង៥របស់ Trip Advisor គឺអត់មានថៃទេ៕


