មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានទៅដល់ប្រទេសឥណ្ឌាហើយ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ខណៈពិភពលោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត
មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានទៅដល់ប្រទេសឥណ្ឌាហើយ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ខណៈពិភពលោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។
យន្តហោះដឹកប្រធានាធិបតីរុស្ស៊ី បានចុះចតនៅមូលដ្ឋានទ័ពអាកាសឥណ្ឌា Palam ក្នុងទីក្រុងញូវដែលីនាវេលាម៉ោង ៦:៣៥នាទីល្ងាច (ម៉ោងនៅឥណ្ឌា) ថ្ងៃទី៤ខែធ្នូឆ្នាំ២០២៥ ដោយលោកពូទីន បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី។
ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំទាំងពីរនឹងមានកិច្ចពិភាក្សាទ្វេភាគី ដោយផ្តោតសំខាន់លើការពង្រឹងចំណងសេដ្ឋកិច្ច, ការពារជាតិ និង ថាមពល ជាពិសេសនៅពេល ទណ្ឌកម្មរបស់លោកខាងលិច បានរុញឲ្យរុស្ស៊ី កាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តយូរអង្វែងជាមួយប្រទេសនានាដូចជា ឥណ្ឌា នេះឯង។
អ្វីដែលគេចាប់អារម្មណ៍ខ្លាំងក្នុងដំណើរទស្សនកិច្ចរបស់លោកពូទីនទៅឥណ្ឌា គឺពាក់ព័ន្ធវិស័យការពារជាតិតែម្តង។ មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាទាំងលើបញ្ហាបញ្ជូនប្រព័ន្ធមីស៊ីលការពារអាកាស S-400 ពីរគ្រឿងចុងក្រោយ ក៏ដូចជាមីស៊ីលសម្រាប់ប្រព័ន្ធ S-400 និង ការធ្វើឲ្យប្រសើរដល់កងយន្តហោះចម្បាំង Su-30 របស់ឥណ្ឌាផងដែរ៕
ប្រភព៖ BBC


