សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែទទូចចង់ឱ្យមានការអនុវត្តវប្បធម៌ស្អាតស្អំក្នុងចំណោមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្នុងអង្គភាពរដ្ឋ តាមរយៈការរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
យកឱកាសនៃទិវាប្រឆាំងនឹងអំពើពុករលួយ ៩ធ្នូ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែទទូចចង់ឱ្យមានការអនុវត្តវប្បធម៌ស្អាតស្អំក្នុងចំណោមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្នុងអង្គភាពរដ្ឋ តាមរយៈការរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
«រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន» គឺជាមូលបទដែលត្រូវបានដាក់ចេញសម្រាប់ទិវាប្រឆាំងនឹងអំពើពុករលួយ ក្នុងឆ្នាំនេះ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តនូវសកម្មភាពគន្លឹះៗមួយចំនួនដែលគាំទ្រដល់ស្មារតី និងគោលដៅរួមនេះ។
សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងសារលិខិតកាលពីថ្ងៃទី៤ ខែធ្នូ ដោយអំពាវនាវជាពិសេសដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៅតាមក្រសួងស្ថាប័នរដ្ឋ ចូលរួមជំរុញកសាងរដ្ឋបាលស្អាតស្អំនៅតាមស្ថាប័នរៀងៗខ្លួន សំដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក៏ដូចជាចូលរួមប្រែក្លាយស្មារតី៩ធ្នូឱ្យទៅជាសកម្មភាពជាក់ស្តែង និងមានផ្លែផ្កាថ្មីៗបន្ថែមទៀតសម្រាប់ជូនជាតិ និងប្រជាពលរដ្ឋ។
សម្ដេចធិបតី បានស្នើឱ្យគ្រប់តួអង្គបន្តប្តេជ្ញាពង្រីកពង្រឹងការអនុវត្តវប្បធម៌ស្អាតស្អំក្នុងចំណោមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្នុងអង្គភាពក្រោមឱវាទទាំងអស់នៅតាមស្ថាប័នសាធារណៈ ហើយសកម្មភាពបុគ្គលគំរូ គប្បីបន្តលើកទឹកចិត្ត តួនាទី ភារកិច្ច ការទទួលខុសត្រូវ និងការចូលរួមរបស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយគប្បីពង្រឹង។
សម្ដេចបានជំរុញឱ្យមានការកែលម្អ និងពង្រីកចំណាត់ការអប់រំពីសុចរិតភាព តម្លាភាព សេវាសាធារណៈល្អ បម្រើផលប្រយោជន៍ប្រជាជន និងគិតប្រយោជន៍ជាតិជាធំ ការបំពេញតួនាទីភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងចៀសវាងការរំលោភបំពានអំណាចនៅពេលបំពេញការងារ ជាមួយនឹងការពង្រឹងចំណាត់ការបង្ការ ទប់ស្កាត់ឱកាសដែលបន្តឱ្យមានការប៉ះពាល់ដល់ភាពស្អាតស្អំស្ថាប័ន រួមមានបញ្ហាទំនាស់ផលប្រយោជន៍ ភាពមិនប្រក្រតីនៃការអនុវត្តតួនាទីភារកិច្ចជាដើម។
បន្ថែមពីនេះ សម្ដេចក៏ស្នើដល់តួអង្គបង្គោល ដែលមានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ ជំរុញការងារជាសេនាធិការដល់រាជរដ្ឋាភិបាល ក៏ដូចជាដល់ក្រសួងស្ថាប័នរដ្ឋទាំងអស់ ផ្តល់ការគាំទ្រដោយឥតលក្ខខណ្ឌដល់កិច្ចប្រឹងប្រែងរួមក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងស្ថាប័នស្អាតស្អំ។
សម្ដេចធិបតី សង្កត់ធ្ងន់ថា អភិក្រមទាំង៥«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់» ជាសក្ខីភាពនៃការប្តេជ្ញា និងគាំទ្រឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការប្រយុទ្ធប្រឆាំងអំពើពុករលួយ៕


