សម្ពោធច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឺនណាម សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា បង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម

នៅព្រឹកថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រី​វៀតណាម បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារ​ព្រំដែនអន្តរ​ជាតិម៉ឺនជ័យ-តឺនណាម។ ការដាក់សម្ពោធច្រកទ្វារព្រំដែនថ្មីនេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ថា បង្ហាញពីទំនាក់ទំនាក់ដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ក្នុងការប្រែក្លាយតំបន់ព្រំដែនប្រទេសទាំងពីរ ទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការដាក់សម្ពោធច្រកទ្វារព្រំដែនពេកនេះ បានបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលបាននិងកំពុងចូលរួមប្រែក្លាយតំបន់ព្រំដែននេះ ឱ្យក្លាយទៅជាព្រំដែនសុខសន្តិភាព ព្រំដែនសម្រាប់ទីផ្សារ ដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍរីកចម្រើនសម្រាប់ជីវភាពរស់នៅប្រជាពលរដ្ឋប្រទេសទាំងពីរ។

ថ្លែងចំពោះនាយករដ្ឋមន្ត្រីវៀតណាម សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការដាក់ឱ្យដំណើរការនូវច្រកទ្វារព្រំដែនអន្តរជាតិពេលនេះ នឹងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងសុខមាលភាពប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងសន្តិសុខ។

ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុក​កំចាយ​មារ ខេត្តព្រៃវែង ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិ​តឺន​ណាម ស្ថិតនៅភូមិតឺនណាម ឃុំតាំងចិន ស្រុកតាំងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម៕

 

ព័ត៌មានទាក់ទង