ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា នៅវេលាថ្ងៃត្រង់ទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា ថៃ ចំនួន៤បានបិទទ្វារ ស្មើនឹង៣៧៧សាលា ,គ្រូបង្រៀន ៣.១៩៧នាក់ ប៉ះពាល់សិស្សសរុប ៧៨.៥៨៥នាក់។
សកម្មភាពបើកការវាយប្រហារជាថ្មីពីសំណាក់យោធាថៃមកលើកម្លាំងកងទ័ពកម្ពុជាមានតាំងពីរសៀលថ្ងៃទី៧ ខែធ្នូ ។យោធាថៃបានបាញ់មកលើកងទ័ពកម្ពុជាឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីម៉ោងប្រមាណ ១៤:១៥នាទី រហូតដល់ម៉ោងប្រមាណ ១៤:៣២នាទី ហើយថែមទាំងបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ខណៈដែលការពិតជាក់ស្តែង គឺកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតអ្វីឡើយ។
ដោយឡែកនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់អានសេះ នៅប្រាសាទតាមាន់ធំ នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា នៅចំការចេក នៅមុំបី នៅភ្នំខ្មោច នៅគោល៨ នៅប្រាសាទតាក្របី និងនៅប្រាសាទខ្នារ ក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាវេលាម៉ោង ២:១៥នាទីរសៀល កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។
សកម្មភាពនេះជំរុញឱ្យប្រជាជនកម្ពុជាត្រូវបានជម្លៀសខ្លួនមកកាន់ទីសុវត្ថិភាព ជាហេតុនៃការបិទទ្វារសាលារៀនជាបណ្ដោះអាសន្ននៅតំបន់ប្រឈមនឹងហានិភ័យខ្ពស់៕


