ICRC អំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងស្ថានការណ៍ជម្លោះ ត្រូវគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិ IHL

ស្របពេលការប្រយុទ្ធនៅព្រំដែនកម្ពុជា-ថៃ កាន់តែក្តៅគគុកនោះ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានចេញការអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងស្ថានការណ៍ជម្លោះនេះ ត្រូវគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិ (IHL)។

សារព័ត៌មាន Bernama បានដកស្រង់សេចក្តីថ្លែងការណ៍របស់ ICRC ដែលនិយាយកាលពីថ្ងៃអង្គារទី៩ខែធ្នូឆ្នាំ២០២៥ថា កាតព្វកិច្ចទាំងនេះមានបំណងកំណត់ការបង្កគ្រោះថ្នាក់ដល់ប្រជាជនជាពិសេសការបាត់បង់អាយុជីវិតជនស៊ីវិល និងការខូចខាតដល់ទ្រព្យសម្បត្តិជនស៊ីវិល រួមទាំងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផងដែរ ហើយត្រូវតែអនុញ្ញាតឲ្យអ្នករបួស ទទួលបានរាល់ការថែទាំដែលពួកគេត្រូវការ»។

ស្របពេលជាមួយគ្នានោះ ICRC បញ្ជាក់ថា ខ្លួននឹងបន្តកិច្ចសន្ទនាទ្វេភាគី ជាមួយភាគីទាំងពីរ និងកំពុងតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់មនុស្សធម៌ ដែលបង្កដោយការប៉ះទង្គិចគ្នា។

សេចក្តីថ្លែងការណ៍របស់ ICRC កើតឡើងចំពេល សហរដ្ឋអាមេរិក ក៏ជំរុញឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​អរិភាព និង​ត្រឡប់​ទៅ​រក​វិធានការ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលាវិញផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និយាយថា៖ «អាមេរិក​ព្រួយ​បារម្ភខ្លាំងណាស់ បន្ទាប់ពីការ​ប្រយុទ្ធ​គ្នាផ្ទុះឡើងជាថ្មី ​នៅទីតាំង​មួយចំនួនតាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ បណ្តាលឲ្យមានការ​ស្លាប់មនុស្ស​និង​របួសជាច្រើននាក់»។

លោកបន្តថា៖ «យើងសូមជំរុញយ៉ាងមុតមាំឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ហើយការពារជនស៊ីវិល ដោយភាគីទាំងសងខាងត្រូវត្រឡប់ទៅរកវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ និងធ្វើជាសាក្សីដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម»។

សូមជម្រាបជាថ្មី ថៃបានបើកការបាញ់ប្រហារនិងទម្លាក់គ្រាប់បែក ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈកម្ពុជាបានប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ៕

ព័ត៌មានទាក់ទង