ចក្រភពអង់គ្លេស បានចេញសេចក្តីព្រមានដល់អ្នកធ្វើដំណើរ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវរវាងប្រទេសកម្ពុជា និងថៃ
សង្គ្រាមបានផ្ទះឡើងជាថ្មី បន្ទាប់ពីភាគីថៃបានបើកការវាយប្រហារលើកម្ពុជាមុន ដោយបំពានបទឈប់បាញ់ដែលខិតខំសម្រុះសម្រួលដោយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី កាលពីខែតុលា។
ជនជាតិអង់គ្លេសប្រហែលមួយលាននាក់បានទៅលេងប្រទេសថៃជារៀងរាល់ឆ្នាំ ហើយពួកគេជាច្រើនធ្វើដំណើរតាមផ្លូវគោកពីទីក្រុងបាងកកចូលទៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែច្រកព្រំដែនទាំងអស់ត្រូវបានបិទ ដោយសារតែការផ្ទុះជម្លោះម្តងហើយម្តងទៀត។ ចក្រភពអង់គ្លេសឥឡូវនេះផ្តល់ដំបូន្មានឲ្យពលរដ្ឋខ្លួនជៀសវាងរាល់ការធ្វើដំណើរដែលមិនចាំបាច់ក្នុងរង្វង់ដី៥០គីឡូម៉ែត្រនៃព្រំដែន រួមទាំងកោះទេសចរណ៍ Chang និងកោះគជ់ផងដែរ។
ការិយាល័យការបរទេសបានលើកឡើងថា «ច្រកព្រំដែនផ្លូវគោក និងច្រកឆ្លងកាត់រវាងថៃ និងកម្ពុជា នៅតែបន្តបិទ។ រមណីយដ្ឋានទេសចរណ៍មួយចំនួននៅតាមតំបន់ព្រំដែន ដូចជា ប្រាសាទព្រះវិហារ, ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ត្រូវបានបិទ។ ក៏មានមីនមិនទាន់ផ្ទុះនៅក្នុងតំបន់ព្រំដែនផងដែរ។ យើងផ្តល់ដំបូន្មានឲ្យជៀសវាងរាល់ការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់តំបន់ព្រំដែនដែលរងផលប៉ះពាល់»។
សូមជម្រាបថា មិនមែនមានតែអង់គ្លេសនោះទេ ដែលហាមប្រាមពលរដ្ឋខ្លួនឲ្យជៀសឆ្ងាយពីព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានការផ្លោងគ្រាប់ដាក់គ្នា។ ស្ថានទូតអាមេរិក ក៏បានចេញសេចក្តីប្រកាសអាសន្នផ្នែកសន្តិសុខដ៏កម្រ និងបន្ទាន់មួយផងដែរ ដោយព្រមានពលរដ្ឋខ្លួនឲ្យនៅឆ្ងាយពីព្រំដែនកម្ពុជា-ថៃយ៉ាងតិច៥០គីឡូម៉ែត្រ។ ទូតអាមេរិក បានលើកឡើងថា ស្ថានភាពអាច «ប្រែប្រួលឆាប់រហ័ស» ហើយបានកត់សម្គាល់ថា រដ្ឋាភិបាលអាមេរិកមានសមត្ថភាពមានកម្រិត ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់នៅក្នុងខេត្តដែលរងផលប៉ះពាល់៕

