អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ២គ្រឿងដើម្បីទម្លាក់គ្រាប់បែកលើគោលដៅស្ពានជ័យជំនះ (ស្ពានមេទឹក) តាមលំដាប់ពេលវេលាដូចខាងក្រោម៖
ម៉ោង ០៦:០២ នាទី យោធាថៃបានទម្លាក់គ្រាប់បែកចំនួន ១ គ្រាប់ លើស្ពានជ័យជំនះ
ម៉ោង ០៦:០៧ នាទី បានទម្លាក់គ្រាប់បែកចំនួន ១ គ្រាប់ បន្ថែមលើគោលដៅដដែល
ម៉ោង ០៦:១២ នាទី បានទម្លាក់គ្រាប់បែកចំនួន ១ គ្រាប់ទៀត លើស្ពានជ័យជំនះ (ស្ពានចាស់)
អំពីស្ពានជ័យជំនះ
ស្ពានជ័យជំនះ (ស្ពានមេទឹក) ជាស្ពានបេតុងប្រភេទប្រេកុងត្រាំង តភ្ជាប់ពីត្រើយមួយទៅត្រើយមួយទៀតនៃស្ទឹងមេទឹក ស្ថិតលើផ្លូវជាតិលេខ ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០។ ស្ពាននេះមានប្រវែង ១៨០ ម៉ែត្រ ទទឹង ១០ម៉ែត្រ និងចែកចេញជា ៨ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង ២០ ម៉ែត្រ។
ស្ពានត្រូវបានស្ថាបនារួចនៅឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។ ស្ពាននេះមានចម្ងាយប្រហែល ៨.៥ គីឡូម៉ែត្រ ពីព្រំដែនគិតតាមផ្លូវបត់បែន និងប្រហែល ៥គីឡូម៉ែត្រ ជាចម្ងាយត្រង់ពីព្រំដែន ហើយជាច្រកតភ្ជាប់សំខាន់តែមួយគត់ទៅកាន់ប្រជុំជនថ្មដា ស្រុកវាលវែង។
ក្នុងស្ថានភាពបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរង់ចាំការអនុញ្ញាតពីសមរភូមិមុខ ដើម្បីចូលធ្វើការជួសជុល និងរៀបចំផ្លូវវៀង ធានាការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ៕


