នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា ប្រកាសជំរុញឱ្យកម្ពុជានិងថៃ បញ្ឈប់ការប្រយុទ្ធគ្នា ដែលនឹងចូលជាធរមាននៅម៉ោង១០យប់នេះ
(គូឡាឡំាពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយនៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូថានៅបន្ទាប់ពីបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនៅចំពោះមុខជម្លោះព្រំដែនជាមួយកម្ពុជា និងថៃ លោកបានសន្ទនាតាមទូរស័ព្ទដាច់ដោយឡែក ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន។
ក្នុងកិច្ចសន្ទនា លោក អាន់វ៉ា បានឱ្យដឹងថារូបលោកបានបង្ហាញការព្រួយបារម្ភរបស់ម៉ាឡេស៊ី និងជំរុញឱ្យភាគីទាំង២ អត់ធ្មត់ជាអតិរមា បញ្ឈប់រាលអរិភាព និងបញ្ចៀសរាល់ការធ្វើសកម្មភាពយោធាដែលនាំ ឱ្យជម្លោះកើនឡើង ក្នុងនោះរួមមានទាំងការប្រើប្រាស់កម្លាំងបាយ ឬការចល័តកងកម្លាំងប្រដាប់អាវុធ ដែលនឹងត្រូវចូលជាធរមាននៅម៉ោង ១០យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
ជាការគាំទ្រដល់ការបន្ធូរបន្ថយជម្លោះ និងលើកកម្ពស់តម្លភាព ខ្ញុំបានស្នើឱ្យដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដឹកនាំដោយប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ដើម្បីតាមដានស្ថានការណ៍វិវត្តន៍ ជាក់ស្ដែង។ បេសកកម្មនេះនឹងត្រូវបានធ្វើឡើងដោយការតាមដានតាមរយៈផ្កាយរណបដែលផ្ដល់ដោយរដ្ឋភិបាលសហរដ្ឋអាមេរិក ក្នុងពេលជាមួយគ្នា។ លទ្ធផលចេញពីការតាមដានតាមរយៈផ្កាយរណប និងការសង្កេតការណ៍នឹងត្រូវបានប្រមូលទិន្នន័យដោយ AOT ហើយត្រូវធ្វើបទបង្ហាញនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី១៦ ខែធ្នូ។ របាយការណ៍នឹងពន្យល់ពីស្ថានភាពជាក់ស្ដែង ក្នុងនោះរួមមានទាំងជំហររវាងភាគីទាំង២ ឈរលើផលប្រយោជន៍នៃការទទួលខុសត្រូវ ការកសាងទំនុកចិត្ត និងការថែរក្សាសន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់។
ម៉ាឡេស៊ីនៅតែបន្តប្ដេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន និងសហគមន៍អន្តរជាតិដើម្បីធានានូវកិច្ចសន្ទនា ការអត់ធ្មត់ និងឱ្យការទូតទទួលបានជោគជ័យ៕

