​ថៃ​ នៅ​តែរឹង​ទទឹង​​បន្តប្រតិបត្តិការយោធាតាមបណ្តោយព្រំដែន​ជាមួយកម្ពុជា ទោះបី លោក ដូណាល់ ត្រាំ បានអះអាង​ថា លោកបានសម្របសម្រួលបទឈប់បាញ់ថ្មី​ហើយ​ក៏​ដោយ

សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា កម្ពុជា​ស្វាគមន៍សំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលធ្លាប់សម្របសម្រួលកិច្ច​ចរចាពីមុន ដើម្បីបញ្ឈប់ការប្រយុទ្ធចាប់ពី​យប់​ថ្ងៃសៅរ៍។

លោកអាន់វ៉ា ដែលជាប្រធានប្លុកតំបន់អាស៊ាន បានជំរុញ​ឲ្យ​ភាគីទាំងពីរចៀសវាងសកម្មភាពយោធាបន្ថែមទៀតចាប់ពីម៉ោង​១០​យប់​ថ្ងៃ​សៅរ៍ ហើយបាននិយាយថា ក្រុមអ្នកសង្កេតការណ៍អាស៊ានដែលដឹកនាំដោយប្រមុខការពារជាតិម៉ាឡេស៊ី នឹងត្រូវដាក់ពង្រាយទៅកាន់ព្រំដែន ដោយ​អាមេរិកផ្តល់ការគាំទ្រដល់ការត្រួតពិនិត្យផ្កាយរណប។

ប៉ុន្តែលោកអានុទីន បានបញ្ជាក់​ថា ថៃមិនបានយល់ព្រមបញ្ឈប់ប្រតិបត្តិការនោះទេ។ លោកបានប្រាប់អ្នកកាសែតថា «មិនមានកិច្ចព្រមព្រៀងណាមួយស្តីពីការបញ្ឈប់អ្វីទាំងអស់នោះ​ឡើយ»។

សូមជម្រាប​ថា ជម្លោះ​តាម​បណ្តោយព្រំដែនប្រវែង​៨១៧​គីឡូម៉ែត្ររបស់កម្ពុជា-ថៃ​ បាន​ផ្ទុះ​ឡើង​សាជាថ្មី ចាប់តាំងពីថ្ងៃ​អាទិត្យ ដែលជាការប៉ះទង្គិចដ៏ខ្លាំងក្លាបំផុតចាប់តាំងពីការប្រឈមមុខដាក់គ្នារយៈពេល៥ថ្ងៃកាលពីខែកក្កដា ដែលត្រូវបានបញ្ឈប់បន្ទាប់ពីអន្តរាគមន៍របស់លោកត្រាំ៕

ព័ត៌មានទាក់ទង