សំឡេងអំពាវនាវប្រជាពលរដ្ឋខ្មែរ៖ សូមសហរដ្ឋអាមេរិក ប្រើឥទ្ធិពលបញ្ឈប់ការប្រើយន្តហោះ F-16 របស់ថៃ វាយប្រហារមកលើកម្ពុជា

(ភ្នំពេញ)៖ ប្រជាជនខ្មែរ ក្នុងនិងក្រៅស្រុក បានអំពាវនាវដល់សហរដ្ឋអាមេរិក ជាពិសេសលោក ដូ ណាល់ត្រាំ សួមជួយធ្វើអន្តរាគមន៍បញ្ឈប់ថៃ ដែលប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកដាក់លើតំបន់ស៊ីវិលខ្មែរ និងលើប្រាសាទបុរាណនៃបេតិកភណ្ឌជាតិ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

នៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសទៅកាន់ពិភពលោកថា នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃ បានយល់ព្រមលើសន្តិភាព និងបទឈប់បាញ់, សារនោះមានន័យច្បាស់ថា អាវុធគួរតែត្រូវស្ងប់ស្ងាត់ ហើយការទូតគួរត្រូវដើរតួនាទីជាមធ្យោបាយដោះស្រាយវិវាទ។ ប៉ុន្តែអ្វីដែលកើតឡើងបន្ទាប់ មិនមែនជាសន្តិភាព ឬការឈប់បាញ់ឡើយ។

ជាក់ស្តែងយន្តហោះចម្បាំង F-16 របស់ថៃ ដែលជាសម្ភារៈសឹកផលិត ផ្គត់ផ្គង់ និងគាំទ្រដោយសហរដ្ឋអាមេរិក បានបន្តធ្វើសកម្មភាពយោធា វាយប្រហារលើទឹកដីកម្ពុជា ដោយមិនត្រឹមតែបំពានលើខ្សែបន្ទាត់ព្រំដែនរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជ្រៀតចូលជ្រៅទៅក្នុងតំបន់ស៊ីវិល ដែលប្រជាពលរដ្ឋខ្មែររស់នៅថែមទៀត។ ផ្ទះសម្បែង អគារពាណិជ្ជកម្មធំៗស្ពាន សាលារៀន ផ្សារ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ត្រូវបានបំផ្លាញ និងរងការខូចខាតយ៉ាងដំណំ។ មិនមានថ្ងៃណាដែលគ្មានមនុស្សស្លាប់និងរងរបួសដោយសារការទម្លាក់គ្រាប់បែកយន្តហោះចម្បាំង F-16 របស់ថៃ លើទឹកដីកម្ពុជាឡើយ។

ប្រជាពលរដ្ឋរាប់សិបម៉ឺននាក់ រួមទាំងមនុស្សចាស់ ស្ត្រីនិងកុមារ ត្រូវបានបង្ខំឱ្យភៀសខ្លួនទៅកាន់ទីជំរកមានសុវត្ថិភាព។ ជីវិតប្រចាំថ្ងៃនៅក្នុងខេត្តខ្មែរជាច្រើនត្រូវបានរាំងស្ទះ និងរងភាពភ័យខ្លាចធ្ងន់ធ្ងរយ៉ាងក្រៃលែង។

អ្វីដែលធ្វើឱ្យស្ថានការណ៍កាន់តែគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង គឺការវាយប្រហារតាមអាកាស ដែលបានប៉ះពាល់ដល់ប្រាសាទបុរាណកម្ពុជា ដូចជាប្រាសាទតាក្របី ប្រាសាទព្រះវិហារ និងប្រាសាទបុរាណផ្សេងៗទៀត តំបន់ដែលជាសញ្ញានៃអត្តសញ្ញាណជាតិ និងបេតិកភណ្ឌវប្បធម៌ពិភពលោក។ ការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 របស់ថៃ មកលើតំបន់ទាំងនេះមិនត្រឹមតែបង្កការខូចខាតដល់មរតកវប្បធម៌នៃមនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការបំពានយ៉ាងធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ការពារតំបន់វប្បធម៌ក្នុងពេលមានសង្គ្រាម ដោយសារតែការប្រើប្រាស់អាវុធដែលផលិត និងផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក មកលើតំបន់ការពារពិសេស ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

* ពីការប្រកាសបទឈប់បាញ់ ទៅកាន់ការបដិសេធយ៉ាងចំហរ

ស្ថានការណ៍បានឈានទៅរកភាពកាន់តែធ្ងន់ធ្ងរ នៅពេលដែលលោក អនុទិន ចាន់វិរៈគុល នាយករដ្ឋមន្ត្រីថៃចាំផ្ទះ បានចេញសម្តីបដិសេធយ៉ាងចំហចំពោះបរិយាកាសសន្តិភាព ដោយប្រកាសថា ប្រទេសថៃ នឹងបន្តសង្គ្រាមប្រឆាំងកម្ពុជា ហើយថែមទាំងនិយាយថា លោកនឹងមិនស្តាប់អ្នកណាទៀតឡើយ។ សម្តីនេះ មិនមែនជាការអធិប្បាយនយោបាយក្នុងស្រុកធម្មតាទេ ប៉ុន្តែជាការបដិសេធដោយផ្ទាល់ចំពោះ សេចក្តីប្រកាសនូវបទឈប់បាញ់ ដែលត្រូវបានបញ្ជាក់ដោយផ្ទាល់ពីបបូរមាត់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។

នៅពេលដែលមេដឹកនាំប្រទេសម្នាក់ បានប្រកាសថាមិនគោរពសន្តិភាព បន្ទាប់ពីប្រធានា ធិបតីអាមេរិកបានប្រកាសវារួចទៅហើយប្រាប់ពិភពលោក, បញ្ហានេះ មិនមែនជាវិវាទទ្វេភាគីទៀតឡើយ។ វាបានក្លាយជាការសាកល្បងលើភាពទទួលខុសត្រូវ និងឥទ្ធិពលរបស់សហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់ និងជាការបំបាក់នយោបាយសន្តិភាពរបស់លោក ដូណាល់ ត្រាំ ទាំងស្រុង។

* ហេតុអ្វីបានជាសហរដ្ឋអាមេរិក មានអំណាចក្នុងការសម្រេចលើការប្រើប្រាស់យន្តហោះ F-16?

ក្នុងចំណោមភាគីអន្តរជាតិទាំងអស់ គឺមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលកាន់កាប់និងគ្រប់គ្រងឥទ្ធិពលពិតប្រាកដ និងអាចបញ្ឈប់ការប្រើប្រាស់យន្តហោះ F-16 របស់ថៃ។ នេះមិនមែនជាទ្រឹស្តីនយោបាយទេ ប៉ុន្តែជាការពិតផ្នែកយោធា ដែលយើងសូមបង្ហាញដូចតទៅនេះពីព្រោះ៖
•    យន្តហោះ F-16 របស់ថៃ ពឹងផ្អែកលើគ្រឿងបន្លាស់ និងការថែទាំពីសហរដ្ឋអាមេរិក
•    ប្រព័ន្ធ Software ប្រព័ន្ធកំណត់គោលដៅ និងការធ្វើបច្ចុប្បន្នភាពក៏ត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក
•    ការប្រើប្រាស់ស្ថិតក្រោមលក្ខខណ្ឌត្រួតពិនិត្យប្រើប្រាស់ចុងក្រោយ (End-Use Monitoring)
•    និងយន្តហោះនេះ ត្រូវការការបណ្តុះបណ្តាល និងការគាំទ្របច្ចេកទេសជាបន្តបន្ទាប់ ដោយសហរដ្ឋអាមេរិក

បើគ្មានការអនុញ្ញាត និងការគាំទ្រពីសហរដ្ឋអាមេរិក យន្តហោះទាំងនេះនឹងមិនអាចរក្សាសមត្ថភាពប្រតិបត្តិការយោធាបានឡើយ។ គ្មានយន្តការអាស៊ាន ឬសេចក្តីថ្លែងការណ៍អង្គការសហប្រជាជាតិណាមួយ ដែលមានឥទ្ធិពលលើ F-16 បានដូចសហរដ្ឋអាមេរិកនោះទេ។

* ការដែលប្រើយន្តហោះ F-16 បង្កផលគ្រោះថ្នាក់ស៊ីវិល បានប្រែបំលែងសមីការទាំងស្រុង

ការប្រើប្រាស់ F-16 កាន់តែមានភាពធ្ងន់ធ្ងរ នៅពេលដែលសកម្មភាពយោធាប៉ះពាល់លើ៖
•    សហគមន៍រស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋស៊ីវិល ដែលស្ថិតនៅឆ្ងាយពីតំបន់ប្រយុទ្ធ
•    លើសាលារៀន ផ្សារ ស្ពាន ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធសង្គម
•    លើបេតិកភណ្ឌវប្បធម៌ និងសាសនា
ដែលសកម្មភាពទាំងនេះបង្កើតនូវការព្រួយបារម្ភធ្ងន់ធ្ងរ ទាំងក្រោមច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់នាំចេញអាវុធរបស់សហរដ្ឋអាមេរិក ដែលហាមឃាត់ការប្រើអាវុធអាមេរិក ដើម្បីបំផ្លាញជីវិតស៊ីវិល ឬបេតិកភណ្ឌការពារ។

*សំឡេងអំពាវនាវពលរដ្ឋខ្មែរ ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ

ប្រជាពលរដ្ឋកម្ពុជា សូមអំពាវនាវដោយផ្ទាល់ទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីព្រោះលោក បានប្រកាសសន្តិភាព និងបទឈប់បាញ់រួចហើយ ចំពោះជម្លោះរវាងកម្ពុជានិងថៃ។ ប៉ុន្តែនៅពេលដែលសម្តីប្រកាសនោះ ត្រូវបាននាយករដ្ឋមន្ត្រីថៃចាំផ្ទះ និយាយផ្គើនមកវិញ ដោយបដិសេធយ៉ាងចំហ និងថែមទាំងប្រកាសថា «នឹងមិនបញ្ឈប់សង្គ្រាមឡើយ» និងថា «មិនស្តាប់អ្នកណាទាំងអស់ទៀតទេ» នោះបើតាមទស្សនៈអន្តរជាតិ ភាពស្ងៀមស្ងាត់ ឬការមិនប្រតិកម្មណាមួយ ចំពោះសម្តីផ្គើនបែបនេះ អាចត្រូវបានគេយល់ថា ជាការអនុញ្ញាត ឬការយល់ព្រមដោយផ្តល់ប្រយោជន៍ចំពោះ អំពើឈ្លានពាន និងការបន្តហិង្សា ដើម្បីឱ្យថៃកាន់តែមានភាពគគ្លើន។

ទោះយ៉ាងណាក្តី ប្រជាជនកម្ពុជា មិនបានយល់ឃើញដូច្នោះឡើយ។ ព្រោះក្នុងក្រសែភ្នែករបស់ប្រជាពលរដ្ឋខ្មែរ លោក ប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានតួនាទីជាសាក្សីនៃ សេចក្តីថ្លែងការណ៍រួមក្រុងគួឡាឡាំពូរ ត្រូវបានគេស្គាល់ជាទូទៅថា លោកគឺជា «ប្រធានាធិបតីនៃសន្តិភាព» (President of Peace)។ ជាពិសេសលោកធ្លាប់បានសន្យាជាឱឡារិក ថានឹងប្រើឥទ្ធិពល និងសមត្ថភាពរបស់ខ្លួន ដើម្បីជួយបញ្ឈប់សង្គ្រាម និងស្វែងរកសន្តិភាពយុត្តិធម៌ និងត្រឹមត្រូវសម្រាប់ប្រទេសទាំងពីរ។

ហេតុនេះហើយ ប្រជាពលរដ្ឋកម្ពុជា នៅតែជឿជាក់ថាសំឡេង និងការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចក្លាយជាគន្លឹះសំខាន់ក្នុងការបញ្ឈប់អំពើហិង្សា ការពារជីវិតជនស៊ីវិល និងរក្សាសន្តិភាព ដូចអ្វីដែលលោកបានប្រកាសទៅកាន់ពិភពលោករួចហើយ។ ប្រជាជនកម្ពុជាស្នើសុំដោយទទួចឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ទប់ស្កាត់ការប្រើអាវុធអាមេរិកដូចជាយន្តហោះចម្បាំង F-16 របស់ថៃ មិនត្រូវប្រើប្រាស់បង្កទុក្ខសោកវេទនាដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជាតិខ្មែរ ដែលទើបបានកសាងតិចតួចសាឡើងវិញ ក្រោយសង្គ្រាមជិត៣០ឆ្នាំ បានបញ្ចប់ជាច្រើនឆ្នាំរួចមកនេះ។ វិធានការទាំងនេះ អាចបញ្ឈប់ការកើនឡើងនៃជម្លោះដោយមិនចាំបាច់បាញ់ចំណាយគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់។

ក្នុងសេចក្តីសន្និដ្ឋាន៖

នៅក្រោមសម្លេងម៉ាស៊ីនយន្តហោះ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16របស់ថៃ ក្នុងពេលនេះ ប្រជាពលរដ្ឋកម្ពុជា មិនមានពេលវេលាច្រើនទៀតទេ។ អ្វីដែលពួកគេមាន គឺការភ័យខ្លាចការបាត់បង់ជីវិត និងមានសំណួរមួយតែមួយតើយើងអាចរស់រានមានជីវិតដល់ថ្ងៃស្អែកបានដែរឬទេ?

ហើយសំណួរដ៏សំខាន់មួយ ដែលសហគមន៍អន្តរជាតិចង់ដឹងជាទីបំផុតនោះ គឺថាតើសន្តិភាព ដែលលោកប្រធានាធិបតីអាមេរិក ត្រូវបានប្រកាសទៅកាន់ពិភពលោករួចមកហើយនោះ អាចត្រូវបញ្ឈប់ដោយសម្តីនាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោកអនុទិន ដែលប្រកាសផ្គើនសម្តីប្រឆាំងសន្តិភាព, ប្រកាសបន្តសង្គ្រាម ដោយការប្រើឧបករណ៍យោធា និងយន្តហោះចម្បាំងអាមេរិក សម្លាប់ប្រជាពលរដ្ឋខ្មែរ មែនដែរឬទេ?

ប្រជាពលរដ្ឋកម្ពុជា ទទូចសុំឱ្យសហរដ្ឋអាមេរិក ជាពិសេសលោក Donald J. Trump ជួយទប់ស្កាត់កុំឱ្យអាវុធរបស់សហរដ្ឋអាមេរិក ក្លាយជាឧបករណ៍របស់យោធាថៃ ដែលកំពុងបំផ្លាញជីវិតមនុស្សស្លូតត្រង់នៅលើ ទឹកដីកម្ពុជាក្នុងពេលនេះ។ ប្រសិនបើសហរដ្ឋអាមេរិក ប្រើឥទ្ធិពលរបស់ខ្លួននៅថ្ងៃនេះ សង្គ្រាមនឹងអាចឈប់បានដោយមិនចាំបាច់មានគ្រាប់កាំភ្លើងបន្តសម្លាប់បន្ថែមជីវិតពលរដ្ឋខ្មែរទៀតឡើយ៕

ព័ត៌មានទាក់ទង