ក្រសួងការបរទេស ចេញសេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចសន្ទនាតាមទូរសព្ទ រវាងប្រមុខការទូតកម្ពុជា-ចិន ពិភាក្សាជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានសន្ទនាតាមទូរស័ព្ទជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃ សមាជិកការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងអំឡុងការសន្ទនានេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្ត ពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនភាគីចិនអំពីការវិវឌ្ឍថ្មីៗ នៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងឡើងកម្ដៅ។ លោកក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងវិធានការកាត់បន្ថយកម្ដៅ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលភាគីទាំងពីរបាន ព្រមព្រៀងគ្នា រួមទាំងការព្រមព្រៀងនៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវិភាគទានដ៏សកម្ម និងតួនាទីស្ថាបនារបស់ចិន ក្នុងការជំរុញសន្តិភាព និងសន្ទនារវាងកម្ពុជា និងថៃ៕

 

ព័ត៌មានទាក់ទង