កាកបាទ​ក្រហម​កម្ពុជា​បាន​បញ្ចេញ​អង្ករ​១០០តោន ទឹកបរិសុទ្ធ​ ១០០០កេស និង​ភេសជ្ជៈ​ផ្អែម ១០០០កេស ដើម្បី​យក​ទៅ​ចែក​ជូន​ប្រជាជន​ភៀស​សឹក​នៅ​តាម​ជំរំ​សុវត្ថិភាព

កាកបាទ​ក្រហម​កម្ពុជា​បាន​បញ្ចេញ​អង្ករ​១០០តោន ទឹកបរិសុទ្ធ​ ១០០០កេស និង​ភេសជ្ជៈ​ផ្អែម ១០០០កេស ដើម្បី​យក​ទៅ​ចែក​ជូន​ប្រជាជន​ភៀស​សឹក​នៅ​តាម​ជំរំ​សុវត្ថិភាព​នៅ​តាម​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ពោធិ៍សាត់ និង​បន្ទាយ​មាន​ជ័យ​។

ជំនួយ​នេះ​ត្រូវ​បែង​ចែក​ទៅ​តាម​សាខា​កាក​បាទ​ក្រហម​ប្រចាំ​ខេត្ត​ទាំង​៥ ដោយ​១ខេត្ត​ទទួល​បាន​អង្ករ​ ១០០តោន ទឹក​សុទ្ធ​ ២០០​កេស និង​ភេសជ្ជៈ​ផ្អែម​២០០កេស។

នេះ​ជា​ការ​អន្តរាគមន៍​លើក​ទី​២​ហើយ​របស់​កាកបាទ​ក្រហម​បន្ទាប់​ពី​មាន​ការ​ឈ្លាន​ពាន​ពី​ថៃ​ដោយ​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ កាក​បាទ​ក្រហម​បាន​ផ្ដល់​ថវិកា​ ២១​ម៉ឺន​ដុល្លារ​ដល់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដើម្បី​យក​ទៅ​រៀបចំ​ទី​ជម្រក​នៅ​មណ្ឌល​សុវត្ថិភាព​នានា​ដែល​មាន​ខ្វះខាត​ ហើយ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ កាកបាទ​ក្រហម​បាន​សម្រេច​ផ្ដល់​តង់​ចំនួន​៧ពាន់​នៅ​តាម​មណ្ឌល​សុវត្ថិភាព​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ឧត្តរមានជ័យ។​

ចាប់​តាំង​ពី​មាន​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​​មក​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​២១​នាក់​បាន​ស្លាប់​ និង​របួស​៨៣​នាក់ និង​ជន​ភៀស​សឹក​ជាង​៥៤​ម៉ឺននាក់ ស្ត្រី​ជិត​៣០ម៉ឺននាក់ និង​កុមារ​ជាង​១៧​ម៉ឺន​នាក់​។ កាកបាទ​ក្រហម​កម្ពុជា​ក្រៅ​ពី​បាន​បញ្ជូន​ក្រុម​ប្រតិបត្តិ អ្នក​ស្ម័គ្រ​ចិត្ត​ទៅ​ជួយ​នៅ​តាម​មណ្ឌល​ភៀស​សឹក​ និង​អប់រំ​នៅ​តាម​មណ្ឌល​ភៀស​សឹក ព្រម​ទាំង​ផ្ដល់​នូវ​គ្រឿង​ឧបភោគ​បរិភោគ​តាម​រយៈ​សាខា​កាកបាទ​ក្រហម​ជា​បន្តបន្ទាប់​ផង​ដែរ៕

ព័ត៌មានទាក់ទង