(ម៉ិកស៉ីកូ)៖ កាលពីថ្ងៃចន្ទ ទី២២ ខែធ្នូ កងទ័ពជើងទឹកនៃប្រទេសម៉ិកស៉ិកបានឱ្យដឹងថា មនុស្សយ៉ាងហោច៥នាក់បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះ១គ្រឿងរបស់ខ្លួន បានធ្លាក់ចូលក្នុងសមុទ្រនៅក្បែរឆ្នេររដ្ឋ Texas របស់សហរដ្ឋអាមេរិក អំឡុងពេលបំពេញប្រតិបត្តិការមនុស្សធម៌។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កងទ័ពជើងទឹកម៉ិកស៉ិក បាននិយាយថា មានមនុស្សសរុប៨នាក់ ធ្វើដំណើរនៅលើយន្តហោះនោះ។ មនុស្ស៥នាក់បានស្លាប់ ខណៈ២នាក់បានរួចរស់ជីវិត ហើយម្នាក់ទៀតនៅបន្តបាត់ខ្លួន។ ឧបទ្ទវហេតុនោះបានកើតឡើង ស្របពេលដែលយន្តហោះ កំពុងឆ្ពោះមកទីក្រុង Galveston របស់រដ្ឋ Texas ដើម្បីចុះចត។
គួរបញ្ជាក់ថា យន្តហោះខាងលើត្រូវបានអះអាងថា ស្ថិតក្នុងបេសកកម្មសង្រ្គោះបន្ទាន់ ក្រោមការសហការជាមួយអង្គការម៉ិកស៉ិកមួយ ដែលមើលថែទាំកុមាររងរបួសស្នាមរលាកធ្ងន់ធ្ងរ៕


