បាងកក ៖ប្រទេសថៃបានប្រកាសមិនខ្វល់នឹងពាក្យសម្ដីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលអះអាងថា ប្រទេសថៃជាអ្នកបំពានមកលើកម្ពុជាមុននៅក្នុងជម្លោះតាមព្រំដែន ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Kaohoon International នៅថ្ងៃអង្គារ ។
ប្រភពរៀបរាប់ថា ខណៈអាស៊ានគ្រោងនឹងបើកកិច្ចពិភាក្សាបន្ទាន់នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញនោះ ស្រាប់តែ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បែរជាចោទប្រកាន់ប្រទេសថៃថា ជាអ្នកផ្តួចផ្តើមឲ្យមានអរិភាពទៅលើកម្ពុជាមុនទៅវិញ ។
លោក ដូណាល់ ត្រាំ និយាយកាលពីថ្ងៃចន្ទថា ប្រទេសថៃជាអ្នកអុជបញ្ឆេះសង្គ្រាមម្ដងទៀតជាមួយកម្ពុជា ។ លោកថា ថៃជាអ្នកចាប់ផ្ដើមសង្គ្រាមមកលើកម្ពុជាមុន ។
ឆ្លើយតបនឹងរឿងនេះ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក Anutin Charnvirakul បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា ថៃមិនព្រួយបារម្ភនោះទេ ជុំវិញការចោទប្រកាន់នេះ ដោយអះអាងថា សកម្មភាពរបស់ថៃ គ្រាន់តែធ្វើដើម្បីការពារអធិបតេយ្យភាព របស់ប្រទេសតែប៉ុណ្ណោះ ។
លោក Anutin បញ្ជាក់ថា នេះជាបញ្ហាដែលត្រូវដោះស្រាយឲ្យបានពេញលេញរវាងថៃ និងកម្ពុជា ។
ជាមួយគ្នានេះ លោក Natthaphon Narkphanit រដ្ឋមន្ត្រីការពារជាតិថៃ ក៏បានលើកឡើង ក្រោយអាមេរិកប្រកាន់បែបនេះផងដែរថា ពេលនេះ លែងមានប្រទេសណា ឈរខាងប្រទេសថៃទៀតហើយ ៕
ប្រភពពី kaohoon international , Khaosod English

