ក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៥ថា ក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលកិច្ចពិភាក្សារវាងប្រទេសកម្ពុជា និងថៃ ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នាតាមព្រំដែនដែលបង្កឲ្យមានមនុស្សស្លាប់អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ និងដើម្បីស្តារស្ថិរភាពឡើងវិញ។
យោងតាម Bloomberg រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងពីការផ្តល់ជូននេះ ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបានបញ្ជាក់សាជាថ្មីនូវបំណងប្រាថ្នារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់ឲ្យមានសន្តិភាពរវាងប្រទេសជិតខាងទាំងពីរនៅអាស៊ីអាគ្នេយ៍។
អ្នកនាំពាក្យក្រសួងការបរទេស លោក Tommy Pigott បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «អាមេរិកត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលកិច្ចពិភាក្សា ដើម្បីធានាឲ្យមានសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ»។
តាមរយៈមន្ត្រីជំនាញ កម្ពុជានិងថៃបានបើកកិច្ចចរចាលើកដំបូងរបស់ខ្លួននៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី៧ធ្នូ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត១០០នាក់ និងធ្វើឲ្យប្រជាជនស៊ីវិលរាប់សិបម៉ឺននាក់នៅសងខាងព្រំដែនត្រូវភៀសសឹក។
ហិង្សានេះបានកើតឡើងបន្ទាប់ពីការប៉ះទង្គិចគ្នា កាលពីខែកក្កដាកន្លងទៅ ដែលបានបញ្ចប់ទៅវិញតាមរយៈបទឈប់បាញ់ក្រោមការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក បើទោះបីជាភាពតានតឹងនៅតែបន្តកើតមានតាមបណ្តោយព្រំដែនដែលមានជម្លោះក៏ដោយ៕

