ប្រទេសចិន បានគំរាមខ្លាំងៗចំពោះនរណាហ៊ានលូកដៃចូលគាំទ្រការបំបែកខ្លួនរបស់កោះមួយនេះ ហើយប្តេជ្ញាតបតទៅអាមេរិកផងដែរ ដែលលក់អាវុធឲ្យតៃវ៉ាន់
ស្ថានការណ៍នៅតៃវ៉ាន់កាន់តែក្តៅឡើងៗហើយ ដោយពេលនេះប្រទេសចិន បានគំរាមខ្លាំងៗចំពោះនរណាហ៊ានលូកដៃចូលគាំទ្រការបំបែកខ្លួនរបស់កោះមួយនេះ ហើយប្តេជ្ញាតបតទៅអាមេរិកផងដែរ ដែលលក់អាវុធឲ្យតៃវ៉ាន់។
តាមការផ្សាយរបស់ AFP, រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រកាសក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារទី៣០ខែធ្នូឆ្នាំ២០២៥ថា៖ «ឆ្នាំនេះ សកលភាវូបនីយកម្មសេដ្ឋកិច្ចបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ហើយសង្គ្រាមពន្ធដារបានបង្កការរំខានខ្លាំងណាស់ដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ។ នៅចំពោះមុខស្ថានភាពដ៏ច្របូកច្របល់សម្រាប់សន្តិភាពពិភពលោក ប្រទេសចិនគឺជាបង្គោលគ្រឹះនៃស្ថិរភាព»។
លោកលើកឡើងថា៖ «ដើម្បីឆ្លើយតបទៅនឹងការញុះញង់ជាបន្តបន្ទាប់ពីសំណាក់កងកម្លាំងទាមទារឯករាជ្យនៅកោះតៃវ៉ាន់ និងការលក់អាវុធក្នុងទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិកទៅឲ្យតៃវ៉ាន់ យើងសូមប្រឆាំងដាច់ខាត និងវាយបកទៅវិញក្នុងកម្រិតខ្លាំងក្លាបំផុត»។
ស្របពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wenbin បានបង្ហោះសារលើបណ្តាញសង្គម Facebook កាលពីថ្ងៃអង្គារថា៖ «សមយុទ្ធ Justice Mission 2025 របស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅក្បែរកោះតៃវ៉ាន់ គឺជាសកម្មភាពដាក់ទណ្ឌកម្ម និងរារាំងប្រឆាំងកងកម្លាំងអបគមន៍ ដែលស្វែងរកឯករាជ្យភាពឲ្យតៃវ៉ាន់ តាមរយៈការកសាងកម្លាំងយោធា ហើយក៏ជាវិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសចិនផងដែរ។ ដើម្បីជំរុញរបៀបវារៈអបគមន៍របស់ខ្លួន អាជ្ញាធរបក្សចម្រើនប្រជាធិបតេយ្យ (DPP) កំពុងប្រែក្លាយតៃវ៉ាន់ឲ្យក្លាយទៅជាធុងរំសេវ»។
លោកបន្តថា៖ «ការទិញអាវុធយ៉ាងគំហុក និងដោយអស់សង្ឃឹមរបស់ពួកគេ បានលាតត្រដាងកាន់តែច្បាស់នូវធាតុពិតរបស់ពួកគេថាជា អ្នកញុះញង់ អ្នកបំផ្លាញសន្តិភាព និងអ្នកបង្កសង្គ្រាម។ ជនណាក៏ដោយដែលព្យាយាមបំពាក់អាវុធឲ្យតៃវ៉ាន់ដើម្បីរារាំងប្រទេសចិន នឹងមានតែធ្វើឲ្យពួកអបគមន៍កាន់តែមានចិត្តក្លាហាន និងរុញច្រានច្រកសមុទ្រតៃវ៉ាន់ឲ្យរឹតតែខិតជិតទៅរកគ្រោះថ្នាក់នៃជម្លោះប្រដាប់អាវុធតែប៉ុណ្ណោះ។ បញ្ហាតៃវ៉ាន់ គឺជាចំណុចស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន។ គ្មានអ្វីអាចរារាំងចិនពីការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងបូរណភាពទឹកដីបានឡើយ។ ជនណាក៏ដោយដែលបំពានខ្សែបន្ទាត់ក្រហម ឬធ្វើការញុះញង់លើបញ្ហានេះ នឹងត្រូវប្រឈមមុខនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសំណាក់ប្រទេសចិន។ រាល់ការប៉ុនប៉ងដើម្បីរារាំងការបង្រួបបង្រួមជាតិរបស់ចិន នឹងត្រូវទទួលបរាជ័យជាដាច់ខាត»។
ការគំរាមរបស់ទីក្រុងប៉េកាំង កើតឡើងស្របពេលយោធាចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរកោះតៃវ៉ាន់។ ចិនទាមទារកោះនេះថាជាផ្នែកនៃទឹកដីអធិបតេយ្យរបស់ខ្លួន ហើយមិនដែលគិតបោះបង់ចោលនូវជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីចូលកាន់កាប់កោះនេះឡើយ៕


