ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កំពុងពិភាក្សាជាមួយប្រធានាធិបតី ដូណាល់ ត្រាំ អំពីលទ្ធភាពនៃការដាក់ពង្រាយកងទ័ពអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់កាលពីថ្ងៃអង្គារ​ទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០២៥​ថា លោកកំពុងពិភាក្សាជាមួយប្រធានាធិបតី ដូណាល់ ត្រាំ អំពីលទ្ធភាពនៃការដាក់ពង្រាយកងទ័ពអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីធ្វើជាផ្នែកមួយនៃយន្តការធានាសន្តិសុខដ៏រឹងមាំមួយ។

យោង​តាម​សារព័ត៌មាន Mediaite នៅក្នុងការផ្ញើសារតាមរយៈកម្មវិធី WhatsApp ទៅកាន់អ្នកសារព័ត៌មាន លោកហ្សេលេនស្គី បានលើកឡើងថា វត្តមានកងទ័ពអាមេរិកនឹងក្លាយជា «ជំហរដ៏រឹងមាំ» ក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត។ លោកបានបន្ថែមថា ការសម្រេចចិត្តចុងក្រោយគឺអាស្រ័យលើភាគីអាមេរិក ប៉ុន្តែអ៊ុយក្រែននឹងស្វាគមន៍យ៉ាងខ្លាំងចំពោះវត្តមាននេះ។

ជំនួបពិភាក្សានេះបានកើតឡើងបន្ទាប់ពីជំនួបដោយផ្ទាល់រវាងលោកត្រាំ និងលោកហ្សេលេនស្គី នៅរដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យ។ លោកត្រាំ បានបង្ហើបថា កិច្ចព្រមព្រៀងសន្តិភាពបានឈានដល់៩៥ភាគរយហើយ ប៉ុន្តែនៅសល់ចំណុចចម្រូងចម្រាសមួយចំនួន ជាពិសេសគឺរយៈពេលនៃកិច្ចព្រមព្រៀងសន្តិសុខ ដែលលោកត្រាំស្នើ១៥ឆ្នាំ ខណៈលោកហ្សេលេនស្គីចង់បានរហូតដល់៥០ឆ្នាំ។

ទោះបីជាមានការចោទប្រកាន់ពីវិមានក្រឹមឡាំងថា អ៊ុយក្រែនបានព្យាយាមវាយប្រហារលើគេហដ្ឋានលោកពូទីនក៏ដោយ ក៏លោកត្រាំនៅតែបង្ហាញក្តីសង្ឃឹមថា សន្តិភាពជិតនឹងកើតមានឡើងហើយ ប្រសិនបើបញ្ហាដែលនៅសេសសល់ត្រូវបានដោះស្រាយដោយជោគជ័យ៕

ព័ត៌មានទាក់ទង