វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (PHIVOLCS) កាលពីថ្ងៃព្រហស្បតិ៍ បានបង្កើនកម្រិតប្រកាសអាសន្នភ្នំភ្លើង ម៉ាយ៉ុង (Mayon) ក្នុងខេត្ត Albay នៅលើកោះ Luzon បន្ទាប់ពីមានសញ្ញាសកម្មនៃភ្នំភ្លើងកើនឡើង។
PHIVOLCS រាយការណ៍ថា ការកើនឡើងកម្រិតប្រកាសអាសន្នទី ១ (ភាពសកម្មកម្រិតទាប) ដល់កម្រិតប្រកាសអាសន្នទី ២ (កម្រិតកើនឡើង ឬកម្រិតមធ្យមនៃភាពសកម្ម) បង្ហាញថា ម៉ាក់ម៉ាកំពុងរំកិលនៅក្រោមភ្នំភ្លើង ដែលបង្កើនលទ្ធភាពនៃសកម្មភាពផ្ទុះភ្លាមៗ។
វិទ្យាស្ថាន បានឱ្យដឹង នៅក្នុងសេចក្តីជូនដំណឹងមួយថា មានភាពសកម្មដែលបង្កឡើងដោយដំណើរការម៉ាក់ម៉ារាក់ៗ ដែលអាចនាំឱ្យមានការផ្ទុះម៉ាក់ម៉ាដ៏គ្រោះថ្នាក់ភ្លាមៗ ។
វិទ្យាស្ថាននេះ បានបន្ថែមថា មានការជូនដំណឹងដល់ប្រជាជនឱ្យមានការប្រុងប្រយ័ត្ន និងចៀសវាងការចូលទៅក្នុងតំបន់គ្រោះថ្នាក់អចិន្ត្រៃយ៍ដែលមានកាំប្រាំមួយគីឡូម៉ែត្រ ដោយសង្កត់ធ្ងន់ថា ការរឹតបន្តឹងនេះគឺមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយហានិភ័យពីការផ្ទុះ និងគ្រោះថ្នាក់ពាក់ព័ន្ធ។
ម៉ាយ៉ុង គឺជាភ្នំភ្លើងសកម្មបំផុតក្នុងប្រទេសហ្វីលីពីន និងមានប្រវត្តិយូរអង្វែងនៃសកម្មភាពផ្ទុះ៕

