រដ្ឋមន្រ្តីការពារជាតិវ៉េណេស៊ុយអេឡា ថាមួយភាគធំនៃកងអង្គរក្សរបស់លោក ម៉ាឌូរ៉ូ ត្រូវបានសម្លាប់អំឡុងប្រតិបត្តិការយោធាអាមេរិក

(ការ៉ាកាស)៖ កាលពីថ្ងៃអាទិត្យ ទី៤ ខែមករា រដ្ឋមន្រ្តីការពារជាតិនៃប្រទេសវ៉េណេស៊ុយអេឡា លោក Vladimir Padrino បាននិយាយថា មួយភាគធំនៃកងការពារសន្តិសុខ របស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro គឺត្រូវបានសម្លាប់ អំឡុងប្រតិបត្តិការយោធាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Anadolu។

ក្រៅពីសមាជិកកងអង្គរក្ស លោក Padrino បាននិយាយថា កងកម្លាំងយោធាអាមេរិក ក៏បានសម្លាប់ទាហាន និងជនស៉ីវិលស្លូតត្រង់វ៉េណេស៊ុយអេឡា ក្នុងប្រតិបត្តិការដ៏សាហាវរបស់ពួកគេ ផងដែរ។ យ៉ាងណាមិញ លោកមិនបានផ្តល់តួលេខជាក់លាក់តែម្តងឡើយ។

លោក Padrino បានហៅលោក Maduro ជាមេដឹកនាំស្របច្បាប់ និងពិតប្រាកដរបស់ប្រទេសវ៉េណេស៊ុយអេឡា ហើយបានទាមទារឱ្យមានការដោះលែងលោក Maduro រួមទាំង​ភរិយារបស់លោកវិញជាបន្ទាន់ ខណៈអ្នកទាំងពីរកំពុងស្ថិតក្រោមការឃុំឃាំងនៅសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ លោកបានអំពាវនាវឱ្យពិភពលោក ផ្តោតការយកចិត្តទុកដាក់ឱ្យដិតដល់ ចំពោះអ្វីដែលកំពុងកើតឡើងប្រឆាំងវ៉េណេស៊ុយអេឡា ប្រឆាំងអធិបតេយ្យ និងរដ្ឋធម្មនុញ្ញវ៉េណេស៊ុយអេឡា។

គួរបញ្ជាក់ថា ក្រោយអាមេរិកចាប់ខ្លួនលោក Maduro តុលាការកំពូលវ៉េណេស៊ុយអេឡា បានបង្គាប់ឱ្យអនុប្រធានាធិបតី លោកស្រី Delcy Rodriguez ឡើងកាន់តំណែងភ្លាមៗ ជាប្រធានាធិបតីស្តីទី។ លោក Padrino បានអះអាងថា យោធាបានផ្តល់ការគាំទ្រចំពោះលោកស្រី Rodriguez ហើយប្តេជ្ញាថា កងកម្លាំងប្រដាប់អាវុធវ៉េណេស៊ុយអេឡា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពនៅក្នុងប្រទេស៕

ព័ត៌មានទាក់ទង