រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ហាមឃាត់សកម្មភាពបង្ហោះដ្រូន និងវត្ថុទាំងឡាយដែលហោះហើរបាន នៅជុំវិញអាកាសយានដ្ឋាន

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់សកម្មភាពបង្ហោះ អាកាសយានគ្មានមនុស្សបើក (ដ្រូន) និងវត្ថុទាំងឡាយដែលហោះហើរបាន នៅជុំវិញអាកាសយានដ្ឋាន។

សេចក្តីជូនដំណឹង បានឲ្យដឹងថា យោងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា បទប្បញ្ញត្តិបច្ចេកទេសអាកាសចរណ៍ស៊ីវិល និងដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ សិទ្ធិឯកជនភាព សន្តិសុខ សុវត្ថិភាព ប្រតិបត្តិការអាកាសយានដ្ឋាន ប្រតិបត្តិការហោះហើរ និងការគ្រប់គ្រងចរាចរណ៍ដែនអាកាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល សូមធ្វើការជូនដំណឹងដូចខាងក្រោម៖

១៖ ហាមបង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) ឬវត្ថុទាំងឡាយដែលហោះហើរបាន នៅក្នុងភូមិសាស្ត្រដែល មានកាំរង្វង់១៥ គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន និងតំបន់កម្រិតកំណត់ការហោះហើរ។

២៖ ជនណាដែលល្មើសបំពាន បង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) ឬវត្ថុទាំងឡាយដែលហោះហើរបាន ដោយគ្មានការអនុញ្ញាត និងដោយមិនមានការជូនដំណឹងតាមរយៈ NOTICE TO AIRMEN (NOTAM) ដល់ អ្នកប្រើប្រាស់ដែនអាកាសតាមនីតិវិធីរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឬធ្វើសកម្មភាពទាំងឡាយ ណាដែលអាចបង្កគ្រោះថ្នាក់ដល់ប្រតិបត្តិការអាកាសយាន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

៣៖ ប្រតិបត្តិករអាកាសយានដ្ឋាន ប្រតិបត្តិករអាកាសយានគ្មានមនុស្សបើក (ដ្រូន) ប្រតិបត្តិករ អ្នកផ្តល់សេវាកម្ម និងអង្គភាពពាក់ព័ន្ធនានា ត្រូវចូលរួមសហការអនុវត្ត និងផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ព័ត៌មានទាក់ទង