នៅទីបំផុត សហរដ្ឋអាមេរិក ទម្លាយហើយថា ខ្លួនបានបញ្ជូនទាហានជិត២០០នាក់ ទៅកាន់ទីក្រុងការ៉ាកាស ក្នុងប្រតិបត្តិការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូនិងភរិយា
នៅទីបំផុត សហរដ្ឋអាមេរិក ទម្លាយហើយថា ខ្លួនបានបញ្ជូនទាហានជិត២០០នាក់ ទៅកាន់ទីក្រុងការ៉ាកាស ក្នុងប្រតិបត្តិការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូនិងភរិយា កាលពីថ្ងៃសៅរ៍ទី៣ខែមករាឆ្នាំ២០២៦។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Barrons។
ថ្លែងប្រាប់នាវិកនិងអ្នកសង់នាវាក្នុងរដ្ឋ Virginia កាលពីថ្ងៃចន្ទទី៥ខែមករាឆ្នាំ២០២៦ ប្រមុខមន្ទីរបញ្ចកោណលោក Pete Hegseth ទម្លាយថា៖ «ជនជាតិអាមេរិកដ៏ឆ្នើមបំផុតរបស់យើងជិត ២០០ នាក់ បានសម្រុកចូលកណ្ដាលក្រុងការ៉ាកាស ហើយចាប់ខ្លួនបុគ្គលម្នាក់ដែលត្រូវចោទប្រកាន់ និងកំពុងតាមរកដោយប្រព័ន្ធយុត្តិធម៌អាមេរិក ដោយគ្មានជនជាតិអាមេរិកណាម្នាក់បាត់បង់ជីវិតឡើយ»។
ក្នុងប្រតិបត្តិការយោធាពិសេស «Operation Absolute Resolve», អាមេរិក ចាយពេលជិត២ម៉ោងបើគិតចាប់ពីការចាប់ផ្តើមរហូតដល់ការចាប់ខ្លួនលោក ម៉ាឌូរ៉ូនិងភរិយា ឡើងឧទ្ធម្ភាគចក្រ ប៉ុន្តែបើគិតត្រឹមការចូលទៅចាប់ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដល់ក្នុងភូមិគ្រឹះ ប្រតិបត្តិការនេះ ចំណាយពេលមិនដល់៣០នាទីនោះទេ។
តាមពិតទៅ អាមេរិក បានរៀបគម្រោងជាយូរមកហើយ ពោលគឺភ្នាក់ងារចារកម្មអាមេរិក (CIA, NSA) បានចំណាយពេលរាប់ខែ ដើម្បីតាមដានទម្លាប់រស់នៅរបស់លោក ម៉ាឌូរ៉ូ រហូតដល់ដឹងពីប្រភេទអាហារដែលលោកបរិភោគ និងសត្វចិញ្ចឹមរបស់លោកថែមទៀតផង។
មិនត្រឹមប៉ុណ្ណឹង កងកម្លាំងពិសេសអាមេរិកបានសាងសង់ ភូមិគ្រឹះគំរូ ដែលមានទំហំនិងរចនាសម្ព័ន្ធឲ្យដូចបេះបិទទៅនឹងភូមិគ្រឹះរបស់លោក ម៉ាឌូរ៉ូ មែនទែនដើម្បីធ្វើការហ្វឹកហាត់វាយឆ្មក់ឲ្យបានច្បាស់លាស់បំផុត។
ក្រោយពេលត្រៀមខ្លួនរួចរាល់ នៅថ្ងៃបើកប្រតិបត្តិការ អាមេរិកបានប្រើប្រាស់យន្តហោះចម្បាំងទំនើបៗដូចជា F-22, F-35, យន្តហោះទម្លាក់គ្រាប់បែក B-1 និងដ្រូនជាច្រើនគ្រឿងទៀត ដែលហោះចេញពីមូលដ្ឋានទ័ពចំនួន ២០ កន្លែងផ្សេងគ្នា ហើយកងកម្លាំងពិសេស Delta Force គឺជាអ្នកដឹកនាំផ្ទាល់ក្នុងការចុះទៅចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាដល់ក្នុងភូមិគ្រឹះ។
អាមេរិកបានប្រើប្រាស់សមត្ថភាពបច្ចេកវិទ្យា (Cyber Attack) ដើម្បី បិទភ្លើងទូទាំងទីក្រុងការ៉ាកាស មុនពេលវាយប្រហារ ដើម្បីបង្កភាពងងឹត និងធ្វើឱ្យប្រព័ន្ធការពារខ្លួនរបស់វេណេស៊ុយអេឡាពិបាកមើលឃើញ។ ក្រោយមក យន្តហោះអាមេរិកបានទម្លាក់គ្រាប់បែកកម្ទេចរ៉ាដា និងប្រព័ន្ធការពារអាកាសរបស់វេណេស៊ុយអេឡា ដើម្បីបើកផ្លូវឲ្យឧទ្ធម្ភាគចក្រហោះចូលក្នុងរយៈកម្ពស់ទាប។
នៅវេលាម៉ោង ២:០១ នាទីព្រឹក (ម៉ោងនៅរដ្ឋធានីការ៉ាកាស) កងកម្លាំង Delta Force បានសម្រុកចូលភូមិគ្រឹះ។ លោក ម៉ាឌូរ៉ូ ក៏ព្យាយាមរត់ទៅកាន់ «បន្ទប់សុវត្ថិភាព» ដែរ ប៉ុន្តែត្រូវកងទ័ពអាមេរិកឃាត់ខ្លួនទាន់ពេល នៅមុខទ្វារបន្ទប់នោះតែម្តង៕




