កម្ពុជានឹង​ដាក់​ឲ្យ​ដំណើរការរោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន LNGនៅចុងឆ្នាំ២០២៦នេះហើយ

​ភ្នំពេញ ៖ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន LNG ដែល​មាន​អនុភាព ៩០០ មេហ្កា​វ៉ាត់ នឹង​ដាក់​ឱ្យ​ដំណើរការ​ដំណាក់​ទី ១ នៅ​ចុងឆ្នាំ​២០២៦ និង​ដំណាក់កាល​ទី ២ គ្រោង​ដាក់ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៧​។​

​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​គូសបញ្ជាក់ ក្នុងឱកាស​ចុះ​ពិនិត្យ​វឌ្ឍនភាព​ដំណើរការ​សាងសង់​រោង​ចក្រ​ដើរ​ដោយ​ឧស្ម័ន​នៅ​ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង ថា រោងចក្រ​នេះ​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការផ្តល់​អគ្គិសនី​បន្ថែម ពង្រឹង​សន្តិសុខ​ថាមពល​ជាតិ និង​ពង្រឹង​ស្ថិរភាព​ឱ្យ​បណ្តាញ​អគ្គិសនី​កម្ពុជា​។​

​រោងចក្រ​នេះ​ប្រើ​ទុន​វិនិយោគ​ប្រមាណ ១.៣៥០ លាន​ដុល្លារ នេះ​គឺជា​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក រ៉ូយ៉ាល់ គ្រុប​។​

​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល បន្ថែមថា គម្រោង​ថាមពល​អគ្គិសនី​នេះ​មិន​ត្រឹមតែ​ជា​និម្មិត​រូប​នៃ​ការ​សហការ​គ្នា​ផ្នែក​ពាណិជ្ជកម្ម​បី​ប្រទេស គឺ​កម្ពុជា ជប៉ុន និង​ចិន​នោះទេ ប៉ុន្តែ​ក៏​បង្ហាញឱ្យឃើញ​ពី​ការជឿ​ទុកចិត្ត លើ​ការរីកចម្រើន​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​ផងដែរ​៕​

ព័ត៌មានទាក់ទង