ជនជាតិវៀតណាមសរុប ៣០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត!
នៅថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣០នាក់ (ស្រី៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន, ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (online scam) គ្មានលិខិតឆ្លងដែន, ករណីហិង្សាដោយចេតនា បង្ខាំងដោយខុសច្បាប់ និងជនបរទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត (អនុវត្តទោសចប់) គ្មានលិខិតឆ្លងដែន និងករណីប៉ុនប៉ងជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់) គ្មានលិខិតឆ្លងដែន។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ២៤នាក់ (ស្រី៥នាក់) ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ៤នាក់ (ស្រី១នាក់) និងទទួលពីពន្ធនាគារខេត្តព្រះសីហនុ ចំនួន ២នាក់ ៕


