សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា​ ថ្ងៃកំណើតទី២​ របស់យើងទាំងអស់គ្នា

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរខួបទី៤៧ (៧ មករា ១៩៧៩ – ៧ មករា ២០២៦) នៃទិវាជ័យជម្នះ ៧ មករា​ ថ្ងៃកំណើតទី២​ របស់យើងទាំងអស់គ្នា។

សម្តេចលើកឡើងថា សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន​ តស៊ូ​ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជន​ដែលបានពលី​ និងខិតខំយ៉ាងលំបាកបំផុត​ ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ​ ដើម្បីរំដោះប្រទេសពីរណ្តៅមរណ:​នៃរបបដ៏ខ្មៅងងឹត​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

៧​ មករា​ គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព​ ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន​ បន្សល់ទុកមរតក​នៃជីវិតប្រជាជនខ្មែរ​ ហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន​ ជាពិសេសបានឱ្យគេស្គាល់កម្ពុជា​ មិនត្រឹមតែជាវាលពិឃាត​ មកស្គាល់កម្ពុជា​ ជាកម្ពុជាដែលពោរពេញដោយសន្តិភាព​ និងការអភិវឌ្ឍលើគ្រប់វិស័យ​ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា៕

ព័ត៌មានទាក់ទង